គ្រាប់បាល់ដែលរកបាននៅពេលជួយឱ្យព័រទុយហ្កាល់នាំមុខគូប្រកួត 2-0 ក្នុងការប្រកួតកាលពីថ្ងៃទី 27 កក្កដា ក្នុងក្របខណ្ឌ World Cup បានជួយឱ្យកីឡាការិនី Kika Nazareth បំបែកកំណត់ត្រាមួយរបស់ Cristiano Ronaldo។
Kika Nazareth ដែលមានអាយុ 20 ឆ្នាំ និង 8 ខែ ត្រូវបានគ្រូបង្វឹក Francisco Neto ដាក់ឱ្យទាត់ជាកីឡាការិនីជម្រើសដំបូង នៅក្នុងការប្រកួតជាមួយនឹងវៀតណាម កាលពីថ្ងៃទី 27 កក្កដា។ Kika Nazareth បានជួយឱ្យព័រទុយហ្កាល់នាំមុខវៀតណាម 2-0 ចាប់ពីនាទីទី 21។ ដោយរកបានគ្រាប់បាល់នេះ Kika Nazareth បានក្លាយជាអ្នកលេងបាល់ក្មេងបំផុតដែលស៊ុតចូលទីឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់នៅ World Cup។
មុននោះ កំណត់ត្រានេះ ត្រូវបានបង្កើតឡើងដោយ Cristiano Ronaldo ពេលទាត់នៅ World Cup ផ្នែកបុរស ឆ្នាំ 2006។ កាលនោះ កំពូលតារាបាល់ទាត់កើតឆ្នាំ 1985 បានស៊ុតចូលទីនៅនាទីទី 80 ជួយឱ្យព័រទុយហ្កាល់ឈ្មោះអ៊ីរ៉ង់ 2-0 នៅវគ្គចែកពូល។ Ronaldo មានអាយុ 21 ឆ្នាំ និង 132 ថ្ងៃ ក្នុងគ្រាដែលគាត់ទាត់ចូលទីនៅក្នុងការប្រកួតដំបូងរបស់ខ្លួននៅ World Cup។
Nazareth ដែលមានឈ្មោះពេញថា Francisca Ramos Ribeiro Nazareth Sousa កំពុងទាត់ឱ្យក្លឹប Benfica។ នាងបានបង្ហាញខ្លួនក្នុងក្លឹបនេះតាំងពីអាយុ 16 ឆ្នាំ និងចុះកិច្ចសន្យាដំបូងកាលពីឆ្នាំ 2020 ក្នុងវ័យ 17 ឆ្នាំ។ ខែមីនា ឆ្នាំ 2020 Nazareth បានទាត់ក្នុងការប្រកួតដំបូងសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់។ នាងរកបានគ្រាប់បាល់ដំបូងឱ្យក្រុមជម្រើសជាតិនៅថ្ងៃទី 22 មិថុនា 2022 ក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមក្រិក៕