Honda Motor នឹងបង្ហាញម៉ូដែលនានារបស់ម៉ូតូអគ្គិសនីដំបូងរបស់ខ្លួននៅឥណ្ឌូណេស៊ី ព្រោះចាត់ទុកថា អាស៊ីអាគ្នេយ៍គឺជាទីផ្សារដែលមានសក្ដានុពលខ្លាំងសម្រាប់ម៉ូតូអគ្គិសនី។
ម៉ូតូអគ្គិសនីប្រភេទ scooter ដែលមានឈ្មោះថា EM1 e: របស់ Honda ដែលគ្រោងនឹងត្រូវបានដាក់លក់នៅប្រទេសជប៉ុននៅចុងខែសីហាខាងមុខ ក៏ជាម៉ូតូអគ្គិសនីដំបូងដែល Honda ផលិតឡើងសម្រាប់ទីផ្សារឥណ្ឌូណេស៊ី។ ម៉ូតូដែលអាចឱ្យធ្វើដំណើរបាន 53 គីឡូម៉ែត្រនេះ នឹងមានតម្លៃប្រហែល 300,000 យេន (2,100 ដុល្លារអាម៉េរិក) នៅប្រទេសជប៉ុន។
បើទោះព័ត៌មានលម្អិតស្ដីពីលក្ខណៈបច្ចេកទេសរបស់ EM1 e: មិនទាន់ត្រូវបានបង្ហើបឱ្យដឹង ប៉ុន្តែ តំណាងរបស់ Honda បានហៅម៉ូតូអគ្គិសនីនេះថា ជាម៉ូដែលមហាជនដំបូងរបស់ខ្លួន។
ក្រុមហ៊ុន Honda មានគម្រោងបញ្ចេញម៉ូតូអគ្គិសនីចំនួន 7 ម៉ូដែល និងលក់ឱ្យបាន 3.5 លានគ្រឿង ចាប់ពីពេលនេះដល់ឆ្នាំ 2030 ហើយគ្រោងនឹងផលិតតែម៉ូតូអគ្គិសនីសុទ្ធនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ 2040៕