ការដណ្ដើមបានជ័យជម្នះលើនូវែលសេឡង់ មិនត្រឹមតែជួយឱ្យក្រុមបាល់ទាត់នារីជម្រើសជាតិហ្វ៊ីលីពីនមានពិន្ទុជាលើកដំបូងនៅ World Cup នោះទេ តែក៏ជួយឱ្យក្រុមនេះគិតដល់ដំណាក់កាលឡើងដល់វគ្គជម្រុះផ្ទាល់ផងដែរ។
នៅក្នុងការប្រកួតជើងទីពីរនៃពូល A ដែលមានបួនក្រុមគឺ ហ្វ៊ីលីពីន ស្វ៊ីស នូវែលសេឡង់ និងន័រវែស នៅ World Cup នារី 2023 ដែលបានធ្វើឡើងកាលពីថ្ងៃទី 25 កក្កដា 2023 ហ្វ៊ីលីពីនទទួលបាន 3 ពិន្ទុ ឈរលំដាប់ទីបី បន្ទាប់ពីបានផ្ដួលនូវែលសេឡង់ 1-0។
ចំណែកន័រវែសឈរនៅបាតតារាង និងមានហានិភ័យត្រូវបានជម្រុះឆាប់ៗនេះ ព្រោះតែទទួលបាន 1 ពិន្ទុ ក្រោយពីបានទាត់ពីរប្រកួត។ រីឯស្វ៊ីសវិញ កំពុងតែត្រៀមដណ្ដើមសំបុត្រឡើងទៅវគ្គបន្ទាប់ នៅពេលមាន 4 ពិន្ទុក្នុងដៃ។
ការប្រកួតនៅពូល A នឹងធ្វើឡើងប្រកបដោយភាពតានតឹងនៅជើងចុងក្រោយ ពេលដែលក្រុមទាំង 4 សុទ្ធតែនៅមានឱកាស។ សម្រាប់ក្រុមហ្វ៊ីលីពីន ក្រោយជ័យជម្នះដំបូងនៅ World Cup ក្រុមនេះថែមទាំងអាចបង្កើតបានប្រវត្តិសាស្ត្រដ៏គួរឱ្យរំភើប ដោយការក្លាយជាក្រុមដំបូងគេរបស់អាស៊ីអាគ្នេយ៍ដែលឆ្លងផុតវគ្គចែកពូល។
បើសិនធ្វើបានដូច្នេះ ក្រុមកីឡាការិនីបាល់ទាត់ហ្វ៊ីលីពីន នឹងបានទទួលប្រាក់រង្វាន់យ៉ាងច្រើន។ ការកំណត់របស់ FIFA បានចែងថា បណ្ដាក្រុមបាល់ទាត់ដែលចូលរួមប្រកួតនឹងបានទទួលប្រាក់រង្វាន់ 1.56 លានដុល្លារអាម៉េរិក ខណៈដែលកីឡាការិនីម្នាក់ៗនឹងបានទទួលប្រាក់រង្វាន់ 30,000 ដុល្លារអាម៉េរិកបន្ថែមទៀត។
ខ្ទង់ប្រាក់រង្វាន់ខាងលើនឹងកើនឡើង នៅពេលឡើងដល់ដំណាក់កាលខ្ពស់ជាងនេះ។ សម្រាប់ហ្វ៊ីលីពីន បើសិនបានឡើងដល់វគ្គ 1/8 ក្រុមនេះនឹងបានទទួលប្រាក់រង្វាន់ 1.87 លានដុល្លារអាម៉េរិក គ្រាដែលកីឡាការិនីម្នាក់ៗនឹងបានទទួល 60,000 ដុល្លារ ខ្ពស់ជាងពីរដងធៀបនឹងវគ្គចែកពូល។ ប្រាក់រង្វាន់នេះកើនឡើងថែមទៀត បើសិនពួកគេបានឡើងដល់វគ្គខ្ពស់ជាងនេះ។
FIFA បានបង្កើនប្រាក់រង្វាន់របស់ World Cup នារីឆ្នាំ 2023 ឡើងដល់ 110 លានដុល្លារអាម៉េរិក ខ្ពស់ជាង 3 ដង បើធៀបនឹងឆ្នាំ 2019 ហើយស្មើនឹង 1/3 នៃ World Cup 2022 នៅកាតា។
បើសិនជាបានឈ្នះន័រវែស ហ្វ៊ីលីពីននឹងបានឡើងទៅវគ្គបន្ទាប់។ ក្នុងករណីស្មើ តំណាងរបស់អាស៊ីអាគ្នេយ៍មួយនេះនឹងមាន 4 ពិន្ទុ និងគ្រាប់បាល់ចំណេញស្មើនឹង -1។ ពេលនោះ ហ្វ៊ីលីពីននឹងត្រូវរង់ចាំលទ្ធផលនៃការប្រកួតរវាងក្រុមស្វ៊ីស និងនូវែលសេឡង់។
កាលពីអតីតកាល ក្រុមនារីថៃគឺជាក្រុមដំបូងគេរបស់អាស៊ីអាគ្នេយ៍ដែលបានឡើងទៅប្រកួតនៅ World Cup ហើយក៏បានឈ្នះមួយប្រកួត។ ក្រុមនេះបានឈ្នះកូតឌឺវ័រក្នុងលទ្ធផល 3-2 នៅ World Cup 2015។ ក៏ប៉ុន្តែ ក្រុមនារីថៃពេលនោះត្រូវឈរលំដាប់ទីបីនៅក្នុងពូលរបស់ខ្លួន និងមិនអាចឡើងទៅវគ្គជម្រុះផ្ទាល់៕