(នូវែលសេឡង់) – ពិធីសម្ពោធបើកព្រឹត្តិការណ៍ប្រកួតបាល់ទាត់ World Cup នារី 2023 ត្រូវបានធ្វើឡើងប្រហែលតែ 15 នាទីប៉ុណ្ណោះ មុនពេលចាប់ផ្ដើមការប្រកួតរវាង នូវែលសេឡង់ និងន័រវេស។
ក្រោយពីក្រុមកីឡាកររបស់ក្រុមទាំងពីរចាប់ផ្ដើមកម្ដៅសាច់ដុំរួច គណៈកម្មការក៏បិទភ្លើងនៅកីឡដ្ឋាន Eden Park។ ក្រុមសិល្បករក្នុងសម្លៀកបំពាក់ជនជាតិដើមអូស្ត្រាលី និងនូវែលសេឡង់ ឈានជើងចេញមកទីលាន។ ពួកគេច្រៀង និងរាំរបាំបុរាណរួមនឹងបុគ្គលិកស្ម័គ្រចិត្ត 200 នាក់ នៅក្នុងឈុតសម្លៀកបំពាក់របស់ក្រុមបាល់ទាត់ទាំង 32 ដែលចូលរួម World Cup នារី 2023។
បន្ទាប់ពីការសម្ដែងរបស់ក្រុមសិល្បករ សិល្បការិនី តំណាងរបស់បណ្ដាក្រុមបាល់ទាត់ ក៏បានចូលរួមដាក់គ្រាប់បាល់ Oceaunz ដែលជាគ្រាប់បាល់ផ្លូវការរបស់ពានរង្វាន់ World Cup នារី 2023 នៅកណ្ដាលទីលាន។ គណៈកម្មក៏ប្រកាសបង្ហាញក្រុមដែលចូលរួម World Cup នេះ ទៅតាមតួអក្ខរក្រម នៅលើអេក្រង់ទូរទស្សន៍។
គ្រាប់បាល់ Oceaunz បានចាប់ផ្ដើមរមៀលនៅលើទីលានរបស់កីឡដ្ឋាន Eden Park ហើយការប្រកួតបាល់ទាត់ World Cup នារី 2023 ក៏បានចាប់ផ្ដើមជាផ្លូវការ៕
ក្រោយមកទៀត តារាចម្រៀង Mallrat របស់អូស្ត្រាលី និង BENEE របស់នូវែលសេឡង់ ក៏ឡើងសម្ដែង និងច្រៀងបទចម្រៀងផ្លូវការរបស់ World Cup នារី 2023 ដែលមានឈ្មោះថា Do It Again។
បន្ទាប់ពីការសម្ដែងបានបញ្ចប់ ក្រុមស្ម័គ្រចិត្តក៏ប្រញាប់ប្រមូលសម្ភារសម្ដែង ដើម្បីទុកកន្លែងឱ្យក្រុមបាល់ទាត់នារីរបស់នូវែលសេឡង់ និងន័រវេស ចូលប្រកួត។ នៅពេលពានមាសដែលជាតំណាងរបស់ World Cup នារីត្រូវបាននាំមកកាន់ទីលាន ក្រុមទាំងពីរក៏ឈានជើងចេញពីផ្លូវក្រោមដី អមនឹងស្នូរទះដៃរបស់ទស្សនិកជន។