Li-Fi ដែលជាស្ដង់ដាបញ្ជូនទិន្នន័យដោយមិនប្រើប្រាស់ខ្សែ 802.11bb មានល្បឿន 224 Gb/វិនាទី លឿនជាង 100 ដង បើធៀបនឹង Wi-Fi បច្ចុប្បន្ន។
យោងតាមប្រកាសកាលពីថ្ងៃទី 13 កក្កដា 2023 របស់សមាគមវិស្វករអគ្គិសនី និងអេឡិចត្រូនិច (IEEE) ប្រព័ន្ធ 802.11bb ត្រូវបានដាក់ចូលទៅក្នុងបញ្ជីស្ដង់ដានៃការបញ្ជូនទិន្នន័យតាមអ៊ីនធើណិតដោយមិនប្រើខ្សែប្រភេទថ្មី។ ប្រការនេះនឹងជួយបង្កើនល្បឿននៃការដាក់ពង្រាយ និងការបញ្ចូលស្ដង់ដាបច្ចេកវិទ្យាបញ្ជូនទិន្នន័យថ្មីនេះទៅក្នុងជីវភាពប្រចាំថ្ងៃ។
បច្ចុប្បន្ន ស្ដង់ដាថ្មីបំផុតរបស់ Wi-Fi បានវិវត្តឡើងដល់កម្រិត 802.11be ដែលត្រូវបានហៅថា Wi-Fi 7 ដោយមានល្បឿនខ្ពស់បំផុតត្រឹម 30 Gb/វិនាទី លឿនជាងបីដងធៀបនឹងកម្រិត 9.7 Gb/វិនាទីនៅលើ Wi-Fi 6។ ចំណែកស្ដង់ដា Wi-Fi ដែលពេញនិយមនាបច្ចុប្បន្នគឺ 2.4 GHz និង 5 GHz ដែលមានល្បឿនប្រហែលពី 200 Mb/វិនាទី ទៅ 1.3 Gb/វិនាទី។
ក្នុងគ្រាដែល Wi-Fi ប្រើប្រាស់រលកវិទ្យុ (RF) ដើម្បីបញ្ជូនទិន្នន័យ Li-Fi ឯណោះវិញប្រើប្រាស់បច្ចេកវិទ្យារលកពន្លឺតាមរយៈអំពូលភ្លើង LED។ Li-Fi មិនត្រឹមតែបញ្ជូនទិន្នន័យបានលឿនខ្លាំង (224 Gb/វិនាទី) នោះទេ តែក៏មិនបង្កការរំខានដល់ឧបករណ៍វេជ្ជសាស្ត្រ និងមិនប៉ះពាល់ដល់រលកវិទ្យុដែលមាននាបច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ Li-Fi ក៏នៅតែមានចំណុចខ្សោយ។ នៅពេលមានឧបសគ្គដូចជាជញ្ជាំង ឬកន្លែងពុំមានពន្លឺជាដើម ការបញ្ជូនទិន្នន័យក៏ត្រូវជួបបញ្ហា។
មកដល់ពេលនេះ មានក្រុមហ៊ុនមួយចំនួនបានចាប់ផ្ដើមផលិតម៉ូឌុល Li-Fi សម្រាប់បណ្ដាឧបករណ៍បញ្ចេញរលកសញ្ញា និងឧបករណ៍តភ្ជាប់។ ក្នុងនោះ ក្រុមហ៊ុន pureLiFi ផ្គត់ផ្គង់ម៉ូឌុល Light Antenna ONE សម្រាប់បណ្ដា OEM (original equipment manufacturer) ធ្វើការប្រើប្រាស់សាកល្បង និងវាយតម្លៃ។ បណ្ដាឧបករណ៍ Li-Fi ពាណិជ្ជកម្មអាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍បច្ចេកវិទ្យា MWC 2024 នៅប្រទេសអេស្ប៉ាញនាពេលខាងមុខ៕