ទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញបញ្ជីឈ្មោះកំពូលកីឡាការិនីបាល់ទាត់ចំនួន 10 រូបដែលត្រូវបានគេរំពឹងច្រើនជាងគេនៅ World Cup នារី 2023 ក្នុងនោះមានទាំង Alex Morgan និង Marta ផងដែរ។
Alex Morgan បានជួយឱ្យសហរដ្ឋអាម៉េរិកដណ្ដើមបានតំណែងជើងឯក World Cup នារីចំនួនពីរលើក ហើយឆ្នាំនេះគឺជាលើកទីបួនដែលនាងចូលរួមប្រកួត។ Alex Morgan ដណ្ដើមបានមេដាយមាសនៅអូឡាំពិកចំនួនមួយគ្រឿង និងជាកីឡាការិនីបាល់ទាត់ដែលឆ្នើមជាងគេគ្រប់សម័យកាល។ ការប្រកួតនៅអូស្ត្រាលី និងនូវែលសេឡង់នាពេលខាងមុខនឹងអាចជួយឱ្យកីឡាការិនីរូបនេះមានឱកាសបង្កើតកំណត់ត្រាដណ្ដើមបានជើងឯក World Cup ចំនួនបីជាបន្តបន្ទាប់ ដែលនេះមិនទាន់មានកីឡាកររូបណាអាចធ្វើបាន។ ខ្សែប្រយុទ្ធវ័យ 34 ឆ្នាំរូបនេះ ដណ្ដើមបានពានរង្វាន់អន្តរជាតិចំនួន 11 និងពានរង្វាន់ជើងឯក Champions League ជាមួយនឹងក្លឹប Lyon។
កំពូលកីឡាការិនីមួយរូបផ្សេងទៀតដែលនឹងត្រូវប្រកួតនៅ World Cup 2023 គឺខ្សែប្រយុទ្ធ Christine Sinclair តំណាងរបស់កាណាដា។ ពុំទាន់មានកីឡាករ កីឡាការិនីណាម្នាក់ដែលរកបានគ្រាប់បាល់ច្រើនដូច Sinclair សម្រាប់ក្រុមជម្រើសជាតិ។ Sinclair រកបាន 190 គ្រាប់ក្នុងចំណោម 319 ប្រកួត ជូនប្រទេសកាណាដា។ Sinclair នឹងចូលរួមទាត់នៅ World Cup លើកទី 6 ក្នុងអាជីព។ Sinclair ដណ្ដើមបានពានរង្វាន់អន្តរជាតិចំនួន 8 ជាមួយនឹងក្រុមជម្រើសជាតិកាណាដា ក្នុងនោះមានទាំងមេដាយមាសអូឡាពិក 2021 ផងដែរ។
នៅព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោកផ្នែកនារីឆ្នាំ 2023 មានខ្សែប្រយុទ្ធខ្លាំងៗជាច្រើន ប៉ុន្តែ Sam Kerr ត្រូវបានសង្ឃឹមច្រើនថានឹងក្លាយជាម្ចាស់ពានរង្វាន់កីឡាការិនីដែលរកបានគ្រាប់បាល់ច្រើនជាងគេ។ ខ្សែប្រយុទ្ធវ័យ 30 រូបនេះគឺជាកីឡាការិនីអូស្ត្រាលីដំបូងគេដែលបង្កើតបាន hat-trick នៅ World Cup មិនថាកីឡាករ ឬកីឡាការិនី។ នាងគឺជាស្ដេចកម្ទេចសំណាញ់ទីនៅពានរង្វាន់បាល់ទាត់ទ្វីបអាស៊ីឆ្នាំ 2022 ដោយរកបាន 7 គ្រាប់ ក្លាយជាកីឡាការិនីដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅអូស្ត្រាលី។ Sam Kerr គឺជាកីឡាការិនីរបស់ Chelsea ដែលឆ្នើមជាងគេនៅអង់គ្លេស ក្នុងពីររដូវកាលកន្លង ដោយធ្លាប់បានស៊ុតបញ្ចូលទីជួយឱ្យក្រុមនេះឈ្នះ Man Utd នៅវគ្គផ្ដាច់ព្រ័ត្រ FA Cup។ ដោយបានលេងលើទីលានរបស់ប្រទេសខ្លួន Sam Kerr នឹងមានឱកាសច្រើនដែលអាចជួយឱ្យអូស្ត្រាលីឡើងដល់វគ្គខ្ពស់។
ក្រៅពីកីឡាការិនីខាងលើ World Cup នារី 2023 ក៏នៅមានកំពូលជើងខ្លាំងជាច្រើនផ្សេងទៀត រួមមាន Wendie Renard របស់បារាំង, Ada Hegerberg របស់ន័រវែស, Alexia Putellas របស់អេស្ប៉ាញ, Marta Vieira da Silva របស់ប្រេស៊ីល, Debinha Miri របស់ប្រេស៊ីល, Alexandra Poppp របស់អាល្លឺម៉ង់ និង Lucy Bronze របស់អង់គ្លេស៕