មហាសេដ្ឋីអាម៉េរិក លោក Elon Musk ទទួលយកការបង្វឹកពីកំពូលអ្នកគុននិយម UFC, កំពូលអ្នកចំបាប់ជនជាតិកាណាដា និងម្ចាស់ខ្សែក្រវាត់ខ្មៅជូជិតស៊ូ ហើយក៏បានបង្ហោះរូបថតចំអកឱ្យ Mark Zuckerberg ទៀតផង។
យោងតាម Business Insider មហាសេដ្ឋី Elon Musk កំពុងតែបង្ហាញភាពម៉ឺងម៉ាត់ក្នុងការរៀបចំគម្រោងផ្ដួលមហាសេដ្ឋី Mark Zuckerberg នៅលើសង្វៀនប្រដាល់។ កាលពីថ្ងៃទី 04 កក្កដា កំពូលអ្នកប្រដាល់របស់ UFC លោក Georges St-Pierre បានបង្ហោះរូបដែលលោកបានថតជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla, អ្នកចំបាប់ជនជាតិកាណាដា លោក John Danaher និងម្ចាស់ខ្សែក្រវាត់ខ្មៅជូជិតស៊ូ លោក Lex Fridman។
«ការហ្វឹកហាត់ដ៏អស្ចារ្យជាមួយនឹងបុរសបីនាក់ដែលខ្ញុំគាំទ្របំផុត» លោក Georges St-Pierre សរសេរលើបណ្ដាញសង្គម Twitter ដូច្នេះ។ ប៉ុន្តែ លោកមិនបានឱ្យដឹងអំពីទីកន្លែង និងពេលវេលានៃការហ្វឹកហាត់នេះទេ។
ប៉ុន្មានម៉ោងក្រោយមក លោក Musk ក៏បញ្ចេញយោបល់៖ «ការហ្វឹកហាត់នេះពិតជាសប្បាយណាស់។ ជាក់ច្បាស់ហើយ ខ្ញុំត្រូវតែហ្វឹកហាត់ឱ្យបានច្រើនជាងនេះ»។
ការភ្នាល់ប្រកួតវាយគ្នាលើសង្វៀងរវាងម្ចាស់ Twitter និងម្ចាស់ Facebook កើតឡើងដោយវិធីចម្លែកខុសគេ។ រឿងរ៉ាវចាប់ផ្ដើមពីពេលលោក Musk និយាយលេងកាលពីថ្ងៃទី 21 មិថុនាថា លោកនឹងទទួលការប្រកួតក្នុងទ្រុងជាមួយម្ចាស់ Facebook។ មួយថ្ងៃក្រោយមក CEO របស់ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook ក៏បានបង្ហោះសារលើ Instagram ថា «បញ្ជូនទីតាំងមកឱ្យខ្ញុំ» ដែលនេះជាសញ្ញាបញ្ជាក់ថា Zuckerberg បានទទួលយកការបបួលប្រកួត។
ក្នុងរយៈពេលច្រើនថ្ងៃក្រោយមកទៀត ព័ត៌មានស្ដីពីការប្រកួតលើសង្វៀនរវាងមហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង និងមហាសេដ្ឋីអាម៉េរិកដើមកំណើតជ្វីប ក៏ចាប់ផ្ដើមលេចឡើងជាបន្តបន្ទាប់ ហើយនេះក៏ជាព្រឹត្តិការណ៍ដែលមនុស្សជាច្រើនកំពុងទន្ទឹងរង់ចាំ៕