ពេលវេលា​របស់​ចក្រវាល​កាលពី​ទើប​កើត ដើរ​យឺត​ជាង​បច្ចុប្បន្ន​ប្រាំ​ដង

ខ្វា​សា (quasar) គឺ​ជា​បាតុភូត​កញ្ជ្រោល​នៃ​ពន្លឺ និង​ឧស្ម័ន​នៅ​ចំ​កណ្ដាល​កាឡាក់ស៊ី

ជា​លើកដំបូង​ហើយ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​វត្ថុ​អវកាស​ខ្វា​សា (quasar) ធ្វើជា «នាឡិកា» សម្រាប់​វាស់​សភាព​រីក​មាឌ​នៃ​ពេលវេលា​ក្នុង​ចក្រវាល និង​បាន​បញ្ជាក់ថា Eistein ពិតជា​បានគិត​ត្រូវ។

យោងតាម AFP ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា ក្រុម​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ពេលវេលា​ក្នុង​ចក្រវាល​សម័យ​ដំបូង​ហាក់​ដើរ​យឺត​ជាង​ប្រាំ​ដង ធៀប​នឹង​បច្ចុប្បន្ន។ នេះ​គឺជា​លើកដំបូង​ដែល​ពួកគេ​ប្រើប្រាស់​ខ្វា​សា (quasar) ដែលជា​បាតុភូត​កញ្ជ្រោល​នៃ​ពន្លឺ និង​ឧស្ម័ន​នៅ​ចំ​កណ្ដាល​កាឡាក់ស៊ី ធ្វើជា «នាឡិកា» សម្រាប់​វាស់​ល្បឿន​របស់​ពេលវេលា។

ទ្រឹស្ដី​ទំនាក់ទំនង (Relativity) របស់លោក Einstein បាន​ព្យាករ​ថា ដោយសារតែ​ចក្រវាល​កំពុង​រីក​មាឌ ទើប​មនុ​ស្សនឹង​មើលឃើញ​ចក្រវាល​ដ៏​សែនឆ្ងាយ ផ្លាស់​ទី​ក្នុង​ល្បឿន​យឺត។

ចក្រវាល​ត្រូវបាន​ចាត់ទុកថា មាន​អាយុ​ប្រហែល 13.8 ពាន់​លាន​ឆ្នាំ។ ក្រុម​អ្នកវិទ្យាសាស្ត្រ កន្លងមក​បាន​ប្រើប្រាស់​បាតុភូត​ផ្ទុះ​ផ្កាយ ធ្វើជា «នាឡិកា​ចក្រវាល» ដើម្បី​បញ្ជាក់ថា ពេលវេលា​កាលពី​មាន​អាយុ​ស្មើនឹង​ពាក់កណ្ដាល​បច្ចុប្បន្ន ដើរ​យឺត​ជាង​ទ្វេដង។

លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​បង្ហាញថា ជាង​មួយ​ពាក់​លាន​ឆ្នាំក្រោយ​ហេតុការណ៍​ផ្ទុះ Big Bang (ព្រឹត្តិការណ៍​ផ្ទុះ​កកើត​ចក្រវាល) ពេលវេលា​ហាក់​ដើរ​ទៅមុខ​ក្នុង​ល្បឿន​ស្មើនឹង 1/5 ដង នៃ​ពេលវេលា​បច្ចុប្បន្ន។ បាតុភូត​នេះ​ត្រូវបាន​ហៅថា ការរីកមាឌ​របស់​ពេលវេលា​នៃ​ចក្រវាល៕

Advertisement