រថភ្លើងបណ្ដែតខ្លួនសៀងហៃរបស់ប្រទេសចិន ឈរលើកំពូលតារាងចំណាត់ថ្នាក់ស្ដីពីបណ្ដារថភ្លើងល្បឿនលឿនជាងគេបំផុតនៅលើពិភពលោកនាបច្ចុប្បន្ន។
រថភ្លើងសាធារណៈដែលមានល្បឿនលឿនជាងគេបង្អស់លើពិភពលោក គឺរថភ្លើងបណ្ដែតខ្លួន (Maglev Train) សៀងហៃ (Shanghai maglev train) របស់ប្រទេសចិន ដែលផលិតឡើងដោយយោងតាមបច្ចេកវិទ្យារបស់អាល្លឺម៉ង់។ វាធ្វើដំណើរទៅមុខដោយកម្លាំងមេដែកអគ្គិសនីដែលអនុញ្ញាតឱ្យវាបណ្ដែតខ្លួនផុតពីផ្លូវដែក។ រថភ្លើងនេះធ្វើដំណើរនៅក្នុងទីក្រុងសៀងហៃ និងចំណាយពេល 7.5 នាទីក្នុងការធ្វើដំណើរ 30 គីឡូម៉ែត្រ ដោយមានល្បឿន 460 គីឡូម៉ែត្រ/ម៉ោង។
លំដាប់ទីពីរគឺរថភ្លើង CR400 Fuxing របស់ប្រទេសចិន ដែលធ្វើដំណើរក្នុងល្បឿន 350 គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកលំដាប់ទីបីវិញ គឺរថភ្លើង ICE3 នៅប្រទេសអាល្លឺម៉ង់ ដោយវាអាចធ្វើដំណើរក្នុងល្បឿន 330 គីឡូម៉ែត្រ/ម៉ោង។ រីឯទីបួនវិញ បានទៅលើរថភ្លើង TGV នៅប្រទេសបារាំង ដែលធ្វើដំណើរក្នុងល្បឿន 320 គីឡូម៉ែត្រ/ម៉ោង ស្មើនឹងរថភ្លើង E5 របស់ប្រទេសជប៉ុន និង Al Boraq របស់ម៉ារ៉ុក។ និងបន្ទាប់មកគឺ AVE របស់អេស្ប៉ាញ ដែលមានល្បឿន 310 គីឡូម៉ែត្រ/ម៉ោង។