យន្តហោះ Overture របស់ក្រុមហ៊ុនអាម៉េរិក Boom Supersonic បំពាក់ម៉ាស៊ីនដែលមានកម្លាំងរុញច្រាន 16 តោន គ្រោងនឹងអាចដឹកអ្នកដំណើរបានពី 65 ទៅ 80 នាក់។
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អាកាសចរណ៍ Paris Air Show ចាប់ពីថ្ងៃទី 19 ដល់ 25 មិថុនា នៅទីក្រុងប៉ារីស ក្រុមហ៊ុន Boom Supersonic បានប្រកាសកិច្ចព្រមព្រៀងជាបន្តបន្ទាប់ជាមួយនឹងអ្នកផ្គត់ផ្គង់ថ្មីៗ និងបង្ហើបឱ្យដឹងខ្លះៗអំពីគម្រោងយន្តហោះល្បឿនលឿនជាងសំឡេង Overture និងម៉ាស៊ីន Symphony។ នេះបើតាមទំព័រ New Atlas។
បណ្ដាដៃគូថ្មីៗរបស់ Boom Supersonic រួមមានដូចជា ក្រុមហ៊ុនអ៊ីតាលី Leonardo, ក្រុមហ៊ុនអេស្ប៉ាញ Aernnova និង Aciturri ជាដើម។ ក្រៅពីនេះ Boom Supersonic ក៏ប្រកាសព័ត៌មានស្ដីពីប្រព័ន្ធហោះហើរ បច្ចេកវិទ្យាអេឡិចត្រូនិច ឧបករណ៍ចុះចត ក៏ដូចជាម៉ាស៊ីនសម្រាប់យន្តហោះនេះផងដែរ។
ក្នុងនោះ ឥន្ធនៈ SAF (SAF-Sustainable aviation fuels) ក៏នឹងត្រូវបានប្រើប្រាស់សម្រាប់យន្តហោះ Overture។ SAF គឺជាឥន្ធនៈអាកាសចរណ៍ដែលត្រូវបានកំណត់ថា អាចកកើតឡើងវិញបាន។
តាមគម្រោង Overture នឹងអាចដឹកអ្នកដំណើរបានចាប់ពី 65 ដល់ 80 នាក់ និងអាចហោះក្នុងល្បឿនកម្រិត Mach 1.7 (លឿនជាងសំឡេង 1.7 ដង) ឬប្រហែលនឹង 2,100 គីឡូម៉ែត្រ/ម៉ោង ពេលហោះលើសមុទ្រ។ Overture អាចត្រូវបានដាក់ឱ្យដំណើរការចាប់ពីឆ្នាំ 2029៕