ព័ត៌មានកាលពីថ្ងៃទី 13 មិថុនា ឱ្យដឹងថា ការទិញដូរក្លឹបបាល់ទាត់ Man United ពីគ្រួសារត្រកូល Glazer របស់មហាសេដ្ឋីនៅកាតា ហាក់ទទួលបានជោគជ័យ។ ក៏ប៉ុន្តែ នៅពីក្រោយដំណឹងនេះ នៅមានបញ្ហាជាច្រើនទៀតដែលកំពុងរារាំងអ្នកវិនិយោគនៅកាតា ក្នុងដំណើរចូលមកកាន់កាប់ក្លឹបបីសាចក្រហមជាផ្លូវការ។
ក្រោយរយៈពេល 8 ខែនៃការដណ្ដើមទិញ Man United រវាង មហាសេដ្ឋីអង់គ្លេស Jim Ratcliffe និង Sheikh Jassim bin Hamad Al Thani សារព័ត៌មានកាតា កាលពីម្សិលមិញថា មហាសេដ្ឋីនៅប្រទេសកាតា ទទួលបានការយល់ព្រមពីគ្រួសារត្រកូល Glazer ដែលជាម្ចាស់ក្លឹប នៅក្នុងការទិញដូរនេះ។
ក៏ប៉ុន្តែ ព័ត៌មាននេះហាក់មិនទាន់ត្រឹមត្រូវ ច្បាស់ការណ៍នៅឡើយ។ សារព័ត៌មាន Qatari ដែលបានបាយរាយការណ៍ដំណឹងខាងលើ ថ្មីៗនេះក៏បានដកអត្ថបទនោះមកវិញ ក្រោយការចុះផ្សាយបានជិត 12 ម៉ោង។
យ៉ាងណាក៏ដោយ ព័ត៌មានដំបូងបានជួយឱ្យភាគហ៊ុនរបស់ក្លឹប Man United ហក់ឡើងខ្ពស់ ប៉ុន្តែក៏ធ្លាក់ចុះមកវិញនៅពេលមានដំណឹងថា ព័ត៌មានដំបូងមិនទាន់ច្បាស់ការណ៍។
មកដល់បច្ចុប្បន្ន មិនទាន់មានព័ត៌មាន ឬសេចក្ដីបញ្ជាក់ជាផ្លូវការណាមួយពី Avram, Joel Glazer ឬ Raine Group (ធនាគារអាម៉េរិកដែលជាតំណាងរបស់ម្ចាស់ក្លឹប Man United សម្រាប់ការទិញដូរក្លឹបនេះ) នៅឡើយ ទាក់ទងនឹងស្ថានការណ៍ក្នុងរឿងទិញដូរក្លឹបបាល់ទាត់មួយនេះ៕