ករណី​ទិញដូរក្លឹប​ Man Utd ចាត់​ទុក​ថា​ «បាន​សម្រេច»​ បន្ទាប់​ពី​គ្រួសារ​ត្រកូល Glazer ​យល់​ព្រម

លោក Qatari Sheikh Jassim bin Hamad al-Thani

យោង​តាម​សារព័ត៌មាន​របស់​កាតា Sheikh Jassim បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ប្រជែង​ទិញ​ក្លឹប​បាល់​ទាត់​អង់គ្លេស​​ Manchester United។

ក្នុង​មួយ​រយៈ​ពេល​កន្លង​ Qatari Sheikh Jassim bin Hamad al-Thani បាន​ប្រកួត​ប្រជែង​ជាមួយ​នឹង Sir Jim Ratcliffe ដើម្បី​ទិញ​យក​បីសាច​ក្រហម​ Man Utd​។

សម្រាប់​ Ineos (ក្រុម​ហ៊ុន​​​វិនិយោគ​​អង់គ្លេស​) ការ​ដែល​ Jim Ratcliffe ចង់​ទិញ​ភាគ​ហ៊ុន 60% របស់ Man United គឺនៅ​តែ​អនុញ្ញាត​ឱ្យ​គ្រួសារ​ត្រកូល Glazer បន្ត​ដើរ​តួ​ជា​អ្នក​គ្រប់​គ្រង​នៅ Old Trafford។ ប៉ុន្តែ បើ​តាម​សារព័ត៌មាន​ Al-Watan ដែល​ជា​កម្មសិទ្ធិ​របស់​ឪពុក​លោក Sheikh Jassim ករណី​ទិញ​ដូរ​ក្លឹប Man United គឺ​បាន​ជោគ​ជ័យ​ទៅ​ហើយ​។

ប្រភព​ព័ត៌មាន​ខាងលើ​បាន​ឱ្យ​ដឹង​ថា សេចក្ដី​ប្រកាស​មួយ​ស្ដី​ពី​ការ​ចូល​កាន់កាប់​របស់ Sheikh Jassim នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ឆាប់​ៗ​នេះ​។ សំណើថ្មី​បំផុត​របស់​អ្នក​ជំនួញ​ជនជាតិ​កាតា​ គឺ​ការ​ទិញ​ភាគ​ហ៊ុន 100% របស់​ក្លឹប​ Man Utd ក្នុង​តម្លៃ​ប្រហែល​ 5 ពាន់​លាន​​ផោន​​អង់គ្លេស​។

បើ​សិន​ជា​សេចក្ដី​រាយការណ៍​នៅ​កាតា​ត្រូវ​បាន​ទទួល​ស្គាល់​ នោះ​ Ratcliffe នឹង​បាត់​បង់ឱកាស​ក្នុងការ​ទិញ​ក្លឹប​បាល់​ទាត់​ដែល​លោក​ស្រឡាញ់​ចូល​ចិត្ត​តាំង​ពីវ័យ​កុមារ​។

មូលនិធិ​ Qatari របស់​អ្នក​វិនិយោគ​នៅ​កាតា​បាន​សន្យា​ថា​ នឹង​ប្រគល់​ប្រាក់​​ជា​មុន ព្រម​ទាំង​ជួយ​សង​បំណុល​ទាំង​អស់​ដែល​បីសាច​ក្រហម​កំពុង​ជំពាក់​ ហើយ​ថា នឹង​ស្ថាបនា​ឡើង​វិញ​នូវ​មជ្ឈមណ្ឌល​ហ្វឹក​ហាត់​ រួម​នឹង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ដែល​ទាក់​ទង​ផងដែរ​៕

Advertisement