បណ្ដាសាកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសអង់គ្លេសនឹងទទួលបានប្រាក់ 5.4 លានដុល្លារអាម៉េរិកពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រព័ន្ធផលិតអគ្គិសនីនៅទីអវកាស។
បច្ចេកវិទ្យាទាញយកថាមពលពីព្រះអាទិត្យតាមរយៈផ្ទាំងសូឡានៅលើផ្កាយរណប និងបាញ់បញ្ជូនអគ្គិសនីមកកាន់ផែនដី មានសក្ដានុពលធំធេងនៅក្នុងការពង្រឹងសន្តិសុខថាមពលរបស់ប្រទេសអង់គ្លេស។ នេះបើតាមការចុះផ្សាយកាលពីថ្ងៃទី 12 មិថុនា 2023 របស់គេហទំព័រ Guardian។
ក្នុងចំណោមសាកលវិទ្យាល័យ និងស្ថាប័ននានាដែលទទួលបានប្រាក់វិនិយោគ 5.4 លានដុល្លារអាម៉េរិកពីការប្រកួតអភិវឌ្ឍថាមពលព្រះអាទិត្យនៅទីអវកាសរបស់រាជរដ្ឋាភិបាលអង់គ្លេស ក៏មានសាកលវិទ្យាល័យ Cambridge និងសាកលវិទ្យាល័យ Queen Mary ផងដែរ។ ស្ថាប័នទាំងនេះកំពុងអភិវឌ្ឍប្រព័ន្ធគ្មានខ្សែដែលអនុញ្ញាតឱ្យទាញយកថាមពលព្រះអាទិត្យ និងបាញ់បញ្ជូនអគ្គិសនីពីអវកាសមកកាន់ផែនដី។
បច្ចេកវិទ្យាខាងលើនេះកំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីរដ្ឋាភិបាលនានានៅលើពិភពលោក។ កាលពីដើមខែមិថុនា 2023 សហរដ្ឋអាម៉េរិកប្រកាសថា បានទទួលជោគជ័យក្នុងការធ្វើតេស្តទាញយកថាមពលព្រះអាទិត្យនៅទីអវកាស និងបាញ់បញ្ជូនមកកាន់ស្ថានីយទទួលនៅលើដី។
ការផលិតអគ្គិសនីពីអវកាសនឹងមានប្រៀបជាងឆ្ងាយបើធៀបនឹងការផលិតនៅលើផែនដី ព្រោះថា ក្នុងអវកាស កម្ដៅរបស់ព្រះអាទិត្យមិនរងការរំខានពីវដ្ដរបស់ថ្ងៃ និងយប់។ ការសិក្សាស្រាវជ្រាវរបស់អង់គ្លេសកាលពីឆ្នាំ 2021 បង្ហាញថា ថាមពលព្រះអាទិត្យនៅទីអវកាសអាចឱ្យប្រទេសនេះផលិតអគ្គិសនីបានរហូតដល់ 10 GW ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ¼ នៃតម្រូវការប្រើប្រាស់របស់អង់គ្លេស នៅឆ្នាំ 2050៕