វិស្វាករបច្ចេកវិទ្យារបស់បណ្ដាក្រុមហ៊ុនធំៗដូចជា Apple, Meta, Google ជាដើម មានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរាប់សែនដុល្លារអាម៉េរិក ពិសេសគឺវិស្វករផ្នែក AI (បញ្ញាសិប្បនិម្មិត)។
ក្រោយពីបានរីកចម្រើនខ្លាំង បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងប្រឈមនឹងវិបត្តិ តម្រូវឱ្យមានការកាត់បន្ថយបុគ្គលិក។ ក៏ប៉ុន្តែ សម្រាប់មុខតំណែងជាវិស្វករវិញ គឺនៅតែទទួលបានប្រាក់ខែខ្ពស់ដដែល។ នេះបើយោងតាមទិន្នន័យស្ដីពីប្រាក់បៀវត្សរ៍ដែល Levels.fyi និង Business Insider ប្រមូលបាន។
វិស្វករកម្រិតទីបី នៅក្រុមនេះអាចទទួលបានប្រាក់ 130,000 ដល់ 280,000 ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ខណៈដែលវិស្វករជាន់ខ្ពស់គឺពី 300,000 ដល់ 700,000 ដុល្លារ ឬច្រើនជាងនេះ។ ចំណែកវិស្វករផ្នែក AI វិញ ជាមធ្យមទទួលបានពី 254,700 ដល់ 535,000 ដុល្លារ/ឆ្នាំ។
Microsoft
ក្រុមហ៊ុននេះផ្ដល់ប្រាក់បៀវត្សរ៍ដល់វិស្វករជាន់ខ្ពស់ (បទពិសោធន៍ច្រើនជាង 8 ឆ្នាំ) ចំនួន 400,000 ដុល្លារ/ឆ្នាំ។ វិស្វករថ្មី ទទួលបានពី 130,000 ដល់ 250,000 ដុល្លារ អមនឹងប្រាក់រង្វាន់ប្រហែល 200,000 ដុល្លារ អាស្រ័យលើគោលដៅដែលសម្រេចបាន។
Apple
វិស្វករកម្រិតបីនៅក្រុមហ៊ុន Apple ទទួលបានប្រាក់បៀវត្សរ៍ប្រហែល 160,000 ជារៀងរាល់ឆ្នាំ ប៉ុន្តែក៏អាចទទួលបានប្រាក់រង្វាន់ចាប់ពី 200,000 ដល់ 250,000 ដុល្លារ បើសិនសម្រេចគោលដៅដែលបានកំណត់។ ចំណែកអ្នកដែលមានបទពិសោធន៍ច្រើនជាងនេះ អាចទទួលបានពី 330,000 ដល់ 500,000 ដុល្លារ/ឆ្នាំ។ ពួកគេនឹងទទួលបានប្រាក់ខែគោល 200,000 ដុល្លារ អមនឹងប្រាក់ឧបត្ថម្ភជាភាគហ៊ុន តម្លៃចាប់ពី 100,000 ដុល្លារ។ វិស្វករ AI អាចទទួលបាន 505,000 ដុល្លារ។
Meta
វិស្វករដែលទើបចូលធ្វើការនឹងទទួលបានប្រាក់បៀវត្សរ៍ប្រហែល 170,000 ដុល្លារក្នុងមួយឆ្នាំ។ សម្រាប់វិស្វករកម្រិតមធ្យម អាចទទួលបានប្រាក់បៀវត្សរ៍គោលដូចខាងលើ បូកនឹងភាគហ៊ុនតម្លៃ 80,000 និងប្រាក់រង្វាន់គោលដៅប្រចាំឆ្នាំ 15,000 ដុល្លារ។ ចំណែកវិស្វាករជាន់ខ្ពស់អាចទទួលបានរហូតដល់ពី 1.5 ដល់ 2 លានដុល្លារ។
Amazon
ប្រាក់ចំណូលរបស់បុគ្គលិក Amazon អាស្រ័យលើរង្វាន់ជាភាគហ៊ុន។ វិស្វករ AI អាចទទួលបានប្រហែល 300,000 ដុល្លារក្នុងមួយឆ្នាំ ក្នុងនោះមានសាច់ប្រាក់សុទ្ធ 200,000 ដុល្លារ និងភាគហ៊ុនតម្លៃ 120,000 ដុល្លារ។ អ្នកដែលមានសញ្ញាបត្របណ្ឌិត ទទួលបានពី 250,000 ដល់ 300,000 ដុល្លារ គ្រាដែលវិស្វករជាន់ខ្ពស់ទទួលបានពី 350,000 ដល់ 500,000 ដុល្លារ៕