(ប្រទេសចិន) – ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យពហុបច្ចេកទេសតំបន់ភាគពាយព្យ បង្កើតបានយានដែលមានរូបរាងដូចថាសហោះ អាចហើរបាន 15 នាទី និងមានល្បឿន 50 គីឡូម៉ែត្រ/ម៉ោង។
យានហោះឡើង ចុះចតដោយបញ្ឈរត្រង់ និងប្រើប្រាស់អគ្គិសនី (eVTOL) អាចជាបដិវត្តន៍ក្នុងវិស័យគមនាគមន៍ស្ថិរភាព និងមិនបំភាយឧស្ម័នពុលរបស់ពិភពលោក។ គម្រោង eVTOL រាងដូចថាសហោះ (UFO) គឺជាលទ្ធផលនៃការអភិវឌ្ឍរយៈពេលបីឆ្នាំរបស់ក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យពហុបច្ចេកទេសតំបន់ពាយព្យ (Northwestern Polytechnical University) នៅប្រទេសចិន។
យាន eVTOL គំរូរបស់ក្រុមអ្នកស្រាវជ្រាវខាងលើ សម្រេចបានជើងហោះហើរសាកល្បងដំបូងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍មួយនៅខេត្ត Shenzhen ភាគអាគ្នេយ៍ប្រទេសចិន។ នេះបើតាមការចុះផ្សាយកាលពីថ្ងៃទី 07 មិថុនា របស់ទំព័រ Interesting Engineering។
យានដូចទៅនឹង UFO ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាថាសហោះ Shenzhen UFO Power Technology អាចហោះហើរបាន 15 នាទី ឡើងដល់កម្ពស់ 200 ម៉ែត្រ និងល្បឿន 50 គីឡូម៉ែត្រ/ម៉ោង ព្រមទាំងបំពាក់មុខងារហោះហើរស្វ័យប្រវត្តផងដែរ។