ដោយបានជោគជ័យច្រើនឆ្នាំបន្តបន្ទាប់ ពិសេសគឺនៅរដូវកាល 2022/2023 នេះ តម្លៃរបស់ក្រុមបាល់ទាត់អង់គ្លេសមួយនេះបានកើន 15% និងក្លាយជាក្លឹបបាល់ទាត់ដែលមានតម្លៃខ្ពស់ជាងគេលើពិភពលោកនាបច្ចុប្បន្ន។
បន្ទាប់ពីដណ្ដើមបានពានរង្វាន់ជើងឯក English Premier League និងជ័យជម្នះក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ FA Cup 2023 ក្លឹប Manchester City កំពុងស្ថិតនៅចំពោះមុខឱកាសធំដែលអាចនាំទៅរកការលើកពានទាំងបីក្នុងប្រវត្តិសាស្ត្រនារដូវកាលនេះ។ ការប្រកួតផ្ដាច់ព្រ័ត្រជាមួយនឹង Inter Milan នៅពានរង្វាន់ Champions League នាថ្ងៃទី 11 មិថុនាខាងមុខ នឹងជារនាំងចុងក្រោយដែលកូនសិស្ស និងគ្រូបង្វឹក Pep Guardiola របស់ Man City ត្រូវឆ្លងឱ្យផុត ដើម្បីក្លាយជាម្ចាស់ជើងឯកបីពាន់រង្វាន់ក្នុងមួយរដូវកាល។
ថ្មីៗនេះ អង្គការ Brand Finance បានប្រកាសបញ្ជីឈ្មោះស្ដីពីបណ្ដាក្លឹបបាល់ទាត់ដែលមានតម្លៃខ្ពស់ជាងគេលើពិភពលោក ក្នុងនោះ Man City ស្ថិតនៅលើកំពូលតារាងចំណាត់ថ្នាក់ ដោយសារប្រាក់ចំណូលកើន នាំឱ្យតម្លៃយីហោក៏កើនបន្ថែម 13% ជួយឱ្យតម្លៃសរុបរបស់ក្លឹបនេះលោតឡើងដល់ 1.51 ពាន់លានអឺរ៉ូក្នុងឆ្នាំ 2023។
ចំណែកក្លឹបដែលមានតម្លៃខ្ពស់ជាងគេលំដាប់ទីពីរលើពិភពលោក បានទៅលើ Real Madrid ព្រោះតែតម្លៃយីហោបានធ្លាក់អស់ 4% មកនៅត្រឹម 1.46 ពាន់លានអឺរ៉ូ។
បណ្ដាក្លឹបរបស់អេស្ប៉ាញ បន្តរីកចម្រើនខ្លាំងក្នុងឆ្នាំនេះ ក្នុងនោះ Barcelona ជាប់លេខបី, Atletico Madrid លេខ 12, Sevilla លេខ 25, Real Betis លេខ 34, Villareal លេខ 36 និង Real Sociedad លេខ 37។
Man United ជាប់លេខបួន ដោយមានតម្លៃ 1.4 ពាន់លានអឺរ៉ូ និងនៅពីលើ Liverpool ដែលមានតម្លៃ 1.4 ពាន់លានអឺរ៉ូដូច ប៉ុន្តែ Man United កើន 9% ខណៈ Liverpool កើនតែ 7%។ Arsenal ជាប់ចំណាត់ថ្នាក់លេខដប់ ខណៈ PSG ក៏មានឈ្មោះក្នុង Top 50៕