(សហរដ្ឋអាម៉េរិក) – ឈីបខួរក្បាលដែលអភិវឌ្ឍដោយក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីអាម៉េរិក Elon Musk ទទួលបានការអនុញ្ញាតឱ្យធ្វើការពិសោធលើមនុស្ស ក្រោយការធ្វើតេស្តជាច្រើនលើកនៅលើសត្វ។
ស្ថាប័នគ្រប់គ្រងអាហារ និងឱសថអាម៉េរិក (FDA) បានផ្ដល់វិញ្ញាបនបត្រឱ្យក្រុមហ៊ុន Neuralink ដើម្បីធ្វើការពិសោធដំបូងនៅលើមនុស្ស នេះបើតាមការចុះផ្សាយកាលពីថ្ងៃទី 02 មិថុនា របស់ Live Science។ Neuralink កំពុងឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាអន្តរកម្មខួរក្បាល-កុំព្យូទ័រ ដែលហៅថា BCI (brain-computer interface) ដើម្បីស្ដារពិការភាពរបស់មនុស្ស។ លោក Musk អះអាងថា ឧបករណ៍ដែលបំពាក់ក្នុងខួរក្បាលនេះក៏អាចជួយស្ដារបញ្ហាចក្ខុវិញ្ញាណផងដែរ។
Neuron ឬកោសិកាសរសៃវិញ្ញាណ ទាក់ទងគ្នាតាមរយៈរលកសញ្ញាអគ្គិសនីដើម្បីចាត់ចែងគំនិត អារម្មណ៍ និងឥរិយាបថរបស់មនុស្ស។ ឈិបខួរក្បាលរបស់ Neuralink ដំណើរការតាមរយៈការបកស្រាយរលកសញ្ញាអគ្គិសនី និងបញ្ជូនព័ត៌មានដែលបាន «បិទសោ» ទៅកាន់កុំព្យូទ័រដោយប្រើ Bluetooth។ កុំព្យូទ័រនឹងវិភាគព័ត៌មានដែលទទួលបាន ហើយឆ្លើយតបដោយការផ្ញើរលកសញ្ញាឱ្យរាងកាយ ដាស់សរសៃវិញ្ញាណ និងសាច់ដុំ ដើម្បីបញ្ជាសកម្មភាព។
ឈីបខួរក្បាលរបស់ Neuralink ត្រូវបានបំពាក់ក្នុងក្បាលមនុស្សតាមរយៈរន្ធតូចមួយនៅលើលលាដ៍ក្បាលដែលបានចោះដោយរ៉ូបូតវះកាត់ស្វ័យប្រវត្ត ហើយបន្ទាប់មក អេឡិចត្រូតរបស់ឈីបនេះនឹងត្រូវបានបំពាក់ក្នុងជម្រៅតែប៉ុន្មានមិល្លីម៉ែត្រប៉ុណ្ណោះនៅលើស្រទាប់ក្រៅបង្អស់របស់ខួរក្បាល។ ដំណើរការវះកាត់បំពាក់ឈីបខួរក្បាលនេះ ចំណាយពេល 30 នាទី ដោយមិនបាច់ចាក់ថ្នាំសន្លប់៕