(ហុងគ្រី) – គ្រូបង្វឹក Jose Mourinho បានបរាជ័យជាលើកដំបូងនៅវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់ Europa League នៅពេល Roma ដែលជាក្រុមបាល់ទាត់របស់ក្លឹបអ៊ីតាលី បានចាញ់ក្រុមរបស់ក្លឹបអេស្បាញ Sevilla 1-4 ក្នុងការទាត់ប៉េណាំងទីម្ដងម្នាក់នៅចុងការប្រកួត។
កីឡាករខ្សែបម្រើពីររូបគឺ Gianluca Mancini និង Roger Ibanez សុទ្ធតែទាត់បាល់មិនបានល្អ ធ្វើឱ្យ Roma ចាញ់ 1-4 នៅក្នុងការទាត់ប៉េណាំងទីម្ដងម្នាក់ ហើយក៏បាត់បង់តំណែងជើងឯក Europa League និងមិនអាចចូលរួមប្រកួតនៅ Champions League រដូវកាលក្រោយ។
កូនសិស្ស និងគ្រូបង្វឹក Mourinho ប្រាកដជាស្ដាយក្រោយខ្លាំងណាស់ នៅពេលធ្វើឱ្យរបូតឱកាសល្អជាច្រើននៅក្នុងតង់ទីមួយ ទីពីរ ក៏ដូចជានៅក្នុងម៉ោងបន្ថែមដែលទទួលបានលទ្ធផល 1-1 មុននឹងចាញ់ 1-4 នៅក្នុងការទាត់ប៉េណាំងទី។
ចំណែក Sevilla វិញ បានបង្ហាញភាពខ្លាំង និងភាពជាអ្នកសម្បូរសមិទ្ធផលជាងគេនៅក្នុងប្រវត្តិ Europa League ដោយការទាត់ប៉េណាំងទីម្ដងម្នាក់បានសម្រេច។ ក្រុមនេះក៏សុទ្ធតែបានឈ្នះនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រទាំង 7 លើកនៅ Europa League បើរាប់ទាំងជ័យជម្នះលើ Roma នៅលើកនេះ។
ជាថ្មីម្ដងទៀត បណ្ដាក្លឹបតំណាងរបស់អេស្ប៉ាញបានបង្ហាញ «អំណាច» របស់ខ្លួននៅទ្វីបអារ៉ុប ដោយសារបានឈ្នះការប្រកួតវគ្គផ្ដាច់ព្រ័ត្រចំនួន 18 លើកជាប់ៗគ្នានៅចំពោះមុខគូប្រកួតមកពីប្រទេសផ្សេងក្នុងទ្វីបនេះ។ បណ្ដាក្រុមបាល់ទាត់របស់អេស្ប៉ាញ ក៏មិនបានចាញ់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រចំនួន 23 លើកនៅ Champions League និង Europa League រាប់ចាប់តាំងពីឆ្នាំ 2001។ សមិទ្ធផលនេះនឹងអូសបន្លាយពេលយូរ យ៉ាងហោចក៏ដល់ឆ្នាំ 2024៕