អូស្ត្រាលី​ផ្ដល់​រង្វាន់​មួយ​លាន​ដុល្លារ​អាម៉េរិក ដើម្បី​រក​កុមារ​បាត់​ខ្លួន​កាលពី​ជិត​ប្រាំ​ទសវត្សរ៍​កន្លង

កុមារារងគ្រោះឈ្មោះ James Patrick Taylor ហៅក្រៅថា Jimmy (ស្ដាំ)

សមត្ថកិច្ច​អូស្ត្រាលី ប្រកាសថា​នឹង​ផ្ដល់ប្រាក់​រង្វាន់​មួយ​លាន​ដុល្លារ​អាម៉េរិក ដល់​អ្នក​ទាំងឡាយណា​ដែល​ផ្ដល់ព័ត៌មាន​នាំទៅរក​ការចាប់ខ្លួន ផ្ដន្ទាទោស​ជនល្មើស​នៅក្នុង​ករណី​កុមារា​ដែល​បាន​បាត់​ខ្លួន​កាលពី​ជិត 50 ឆ្នាំមុន​។

កុមារា​រងគ្រោះ​ឈ្មោះ James Patrick Taylor ​ហៅ​ក្រៅ​ថា Jimmy បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 29 សីហា 1974 ក្រោយពី​ដើរ​ពី​ផ្ទះ​នៅក្នុង​ទីរួមស្រុក Derby តំបន់ Kimberley ក្នុង​រដ្ឋ​អូស្ត្រាលី​ខាងលិច ទៅកាន់​ហាង Lwoys ដែលមាន​ចម្ងាយ​ជិត​មួយ​គីឡូម៉ែត្រ។ នេះ​បើតាម CBS News ចុះផ្សាយ​កាលពី​ថ្ងៃទី 31 ឧសភា 2023។

Taylor កាលណោះ​មាន​អាយុ 12 ឆ្នាំ ជា​ក្មេង​រួសរាយ មាន​ចរិត​ម្ចាស់ការ និង​តែងតែ​យក​ក្រាស​សិតសក់​តាម​ខ្លួន​។ Taylor រស់នៅ​ជាមួយ​ឪពុកម្ដាយ បងប្អូន​ប្រាំ​នាក់ និង​សាច់ញាតិ​មួយចំនួន។ កុមារ​នេះ​ធ្លាប់​ដើរទៅ​ទិញ​គ្រឿងទេស​ឱ្យ​ម្ដាយ​តែម្នាក់ឯង​ជា​ញឹកញាប់ ហើយ​ហាង Lwoys គឺជា​កន្លែង​ដែល Tayor ចូលចិត្ត។

លើកចុងក្រោយ​ដែល​សាក្សី​បានឃើញ Taylor គឺ​នៅពេល​កុមារ​នេះ​ឡើង​រថយន្ត​នៅ​ខាងក្រៅ​ហាង Lwoys បន្ទាប់ពី​បាន​ចូល​ទិញ​ភេសជ្ជៈ។ សាក្សី​បានឱ្យដឹងថា អ្នកបើកបរ​​ដែលមាន​វ័យ​ប្រហែល​ពី 25 ទៅ 35 ឆ្នាំ បង្ខំ​ឱ្យ Jimmy ចូល​រថយន្ត។ Taylor ពេលនោះ​ដើរ​ជើង​ទទេ និង​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ប្រផេះ ស្លៀកខោ​កីឡា​ខ្លី​ពណ៌​ខ្មៅ។

គ្រួសារ​របស់ Taylor ស្មានថា កុមារ​នេះ​ទៅលេង​ផ្ទះ​មិត្តភក្ដិ​នៅឯ​កសិដ្ឋាន Myroodah ដែលមាន​ចម្ងាយ​ពី Derby ប្រហែល 90 នាទី​ពេល​ជិះ​រថយន្ត។ មកដល់​ថ្ងៃទី 05 កញ្ញា ឆ្នាំ 1974 ឪពុក​របស់ Taylor ក៏បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ថា Taylor បាត់​ខ្លួន។

ក្រោយមក Taylor ក៏​មិនបាន​ទាក់ទង​មកកាន់​គ្រួសារ ឬ​មិត្តភក្ដិ​ឡើយ។ សមត្ថកិច្ច​ក៏​មិនអាច​កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​ទាក់ទិន​នឹង​ករណី​បាត់​ខ្លួន​នេះ។

តំបន់​អូស្ត្រាលី​ខាងលិច (Western Australia)

មកដល់​បច្ចុប្បន្ន ក្រោយ​រយៈពេល​ជិត​កន្លះ​សតវត្សរ៍ ប៉ូលិស​ក៏បាន​អំពាវនាវ​ឱ្យ​សាធារណជន​ផ្ដល់ព័ត៌មាន ឬ​ទាក់ទង​មកកាន់​សមត្ថកិច្ច បើសិន​បានដឹងដំណឹង​ទាក់​ទិន​នឹង​​ករណី​​នេះ។

ករណី​របស់ Taylor គឺជា​មួយ​ក្នុងចំណោម 64 រឿងក្ដី​បាត់​ខ្លួន និង​ឃាតកម្ម ដែល​មិនទាន់បាន​បិទ​បញ្ចប់​នៅ​អូស្ត្រាលី​ខាងលិច។ ក្នុងនោះ​មាន​ករណី​ជាច្រើន​បានកើត​ឡើង​តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1970។ ជនរងគ្រោះ​​នៅ​ក្នុង​ករណី​ជាច្រើន​មិនត្រូវ​បាន​គេ​រកឃើញ។

ថ្មីៗនេះ សមត្ថកិច្ច​អូស្ត្រាលី​បានប្រកាសថា នឹង​ប្រគល់​ប្រាក់រង្វាន់​មួយ​លាន​ដុល្លារ​អាម៉េរិក​ដល់​អ្នក​ទាំ​ង​ឡាយ​ណា​ដែល​ផ្ដល់ព័ត៌មាន​នាំទៅរក​ការចាប់ខ្លួន និង​កាត់ទោស​ជនដៃដល់​នៅក្នុង​រឿងក្ដី​ទាំងឡាយ​ដែល​បាន​និយាយ​ខាងលើ៕

Advertisement