កាលពីថ្ងៃទី 11 មីនា ក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះរបស់ចិន BYD បានសម្ពោធបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅប្រទេសថៃ ដែលនេះគឺជាសកម្មភាពថ្មីបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តចិន ដើម្បីពង្រីកទីផ្សាររបស់ខ្លួននៅអាស៊ីអាគ្នេយ៍។
រោងចក្រដែលស្ថិតនៅក្នុងតំបន់របៀងសេដ្ឋកិច្ចភាគខាងកើតប្រទេស និងនៅក្នុងខេត្ត Rayong នេះ គ្រោងនឹងក្លាយជាមជ្ឈមណ្ឌលផលិត និងចែកចាយរថយន្តអគ្គិសនីសម្រាប់ប្រទេសថៃ និងបណ្ដាប្រទេសជិតខាង ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ និងបណ្ដាតំបន់ដទៃទៀត។
គិតត្រឹមឆ្នាំ 2022 ក្រុមហ៊ុន BYD លក់រថយន្តអគ្គិសនីបានលើសពី 1.86 លានគ្រឿង កើន 208.6% បើធៀបនឹងឆ្នាំ 2021។
កាលពីឆ្នាំមុន BYD បាននាំ Atto 3 ដែលជារថយន្តអគ្គិសនីដ៏ពេញនិយមរបស់ខ្លួន ចូលទៅកាន់ទីផ្សារថៃ។ Liu Xueliang អគ្គនាយកផ្នែកលក់របស់ BYD ប្រចាំអាស៊ី-ប៉ាស៊ីហ្វ៊ិក បាននិយាយថា ការសម្រេចចិត្តនេះរបស់ BYD គឺដើម្បី «បំផ្ទុះ» ការប្រើប្រាស់នៅប្រទេសថៃ។ ក្នុងរយៈពេល 42 ថ្ងៃ បន្ទាប់ពីចាប់ផ្ដើមលក់ BYD ទទួលបានការបញ្ជាទិញរថយន្ត Atto 3 ចំនួន 10,000 គ្រឿង។
រោងចក្រថ្មីរបស់ BYD នៅប្រទេសថៃ គ្រោងនឹងចាប់ផ្ដើមការផលិតនៅឆ្នាំ 2024 ហើយអាចផលិតបាន 150,000 គ្រឿង/ឆ្នាំ។
រាជរដ្ឋាភិបាលថៃ កន្លងមកបានដាក់គោលដៅផលិតរថយន្តអគ្គិសនីឱ្យបាន 30% នៅក្នុងចំណោមរថយន្តដែលបានផលិតក្នុងប្រទេសនេះនៅត្រឹមឆ្នាំ 2030 ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ពិភពលោក៕