វគ្គផ្ដាច់ព្រ័ត្ររបស់ U-20 World Cup 2023 កំណត់បានក្រុមទាំង 24 ដែលនឹងត្រូវចូលរួមប្រកួតដណ្ដើមពានរង្វាន់ជើងឯកលើកនេះ ក្នុងនោះមានទាំងតំណាងចំនួនបួនរបស់ទ្វីបអាស៊ីផងដែរ។
អាស៊ីគឺជាតំបន់ចុងក្រោយដែលបានរកឃើញបណ្ដាតំណាងរបស់ខ្លួនដែលត្រូវទៅចូលរួមវគ្គផ្ដាច់ព្រ័ត្ររបស់ U-20 World Cup 2023។ ដោយសារម្ចាស់ផ្ទះ U-20 ឥណ្ឌូណេស៊ីមិនអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តំបន់អាស៊ីក៏មានតែ 5 ក្រុមជម្រើសជាតិប៉ុណ្ណោះដែលនឹងត្រូវចូលរួម World Cup ក្នុងនោះមានបួនក្រុមដែលបានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ U-20 អាស៊ី 2023។
បួនក្រុមដែលជាតំណាងរបស់អាស៊ី ទៅចូលរួម World Cup លើកនេះ រួមមាន U-20 អ៊ីរ៉ាក់, អ៊ូសបេគីស្ថាន, កូរ៉េខាងត្បូង និងជប៉ុន បន្ទាប់ពីបានឈ្នះនៅវគ្គ 8 ក្រុមចុងក្រោយនាពេលថ្មីៗនេះ។ បួនក្រុមខាងលើនេះ រួមនឹង ឥណ្ឌូណេស៊ី (ព្រោះជាម្ចាស់ផ្ទះ) នឹងឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ U-20 World Cup 2023 ដែលធ្វើឡើងក្នុងអំឡុងពេលពីខែឧសភា ដល់មិថុនាខាងមុខ។
ទ្វីបអាស៊ី និងអឺរ៉ុប គឺជាតំបន់ដែលមានតំណាងច្រើនជាងគេចូលរួមប្រកួតនៅ U-20 World Cup 2023។ តំបន់អាម៉េរិកខាងត្បូងមានបួនក្រុមត្រូវចូលរួម គឺ U-20 ប្រេស៊ីល, កូឡុំប៊ី, អេក្វេទ័រ និង អ៊ុយរូហ្កាយ ខណៈដែលតំបន់អាម៉េរិកកណ្ដាល និងខាងជើងមានបួនក្រុមគឺ ដូមីនីក, ក្វាតេម៉ាឡា, ហុងឌូរ៉ាស និងសហរដ្ឋអាម៉េរិក។
តំបន់អឺរ៉ុបដែលមានប្រាំក្រុមត្រូវចូលរួម U-20 World Cup 2023 រួមមាន អង់គ្លេស, បារាំង, អ៊ីស្រាអែល, អ៊ីតាលី និង ស្លូវ៉ាគី។ ចំណែក U-20 អ៊ុយក្រែនដែលជាម្ចាស់ជើងឯក U-20 World Cup 2019 មិនអាចឆ្លងផុតវគ្គជម្រុះ។ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីបួនឆ្នាំមុន U-20 អ៊ុយក្រែន បានយកឈ្នះលើ U-20 កូរ៉េខាងត្បូង ក្នុងលទ្ធផល 3-1។
ទ្វីបអាហ្វ្រិកដែលមានបួនក្រុមត្រូវចូលរួមប្រកួតនៅ U-20 World Cup 2023 គឺ ហ្កំប៊ី, នីហ្សេរីយ៉ា, សេណេហ្គាល់ និង ទុយនីស៊ី។ វគ្គផ្ដាច់ព្រ័ត្របស់ U-20 World Cup 2023 នឹងធ្វើឡើងចាប់ពីថ្ងៃទី 20 ឧសភា ដល់ 11 មិថុនា ឆ្នាំ 2023 នៅប្រទេសឥណ្ឌូណេស៊ី។ ពិធីចាប់ឆ្នោតចែកពូលនឹងធ្វើឡើងនៅថ្ងៃទី 31 មីនា 2023 ក្នុងនោះ 24 ក្រុមត្រូវចែកជា 6 ពូល៕