
ប្រទេសចិនកាលពីម្សិលមិញបានប្រគល់កប៉ាល់ដឹកកុងតឺន័រខ្នាតយក្សថ្មីដល់ក្រុមហ៊ុនដឹកជញ្ជូននៅតំបន់សមុទ្រមេឌីទែរ៉ាណេ ដែលមានទីស្នាក់ការនៅប្រទេសស្វ៊ីស។
កប៉ាល់ដែលអាចផ្ទុកទំនិញបាន 24,116 TEU នេះ ត្រូវបានប្រគល់នៅសៀងហៃកាលពីថ្ងៃទី 09 មីនា 2023។ កប៉ាល់នេះមានឈ្មោះថា Mediterranean Tessa និងមានបណ្ដោយ 399.99 ម៉ែត្រ ខណៈផ្ទៃក្រឡានៃជាន់របស់វា ធំជាងបួនដងធៀបនឹងទីលានបាល់ទាត់ ហើយអាចដឹកទំនិញបាន 240,000 តោន។

កប៉ាល់ Mediterranean Tessa ត្រូវបានប្រគល់ឱ្យក្រុមហ៊ុនដឹកជញ្ជូនតំបន់សមុទ្រមេឌីទែរ៉ាណេ (MSC) ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ Mediterranean Tessa គឺជាកប៉ាល់មួយក្នុងចំណោមកប៉ាល់ដឹកកុងតឺន័រធំជាងគេលើពិភពលោក។ កប៉ាល់នេះនឹងដឹកជញ្ជូនទំនិញទៅមករវាងទ្វីបអាស៊ី និងអឺរ៉ុប។

ទំព័រ CGTN របស់ចិន បានផ្សាយថា នេះគឺជាកប៉ាល់ដឹកកុងតឺន័រធំជាងគេលើពិភពលោក
កប៉ាល់ Mediterranean Tessa បំពាក់បច្ចេកវិទ្យាទំនើបៗចុងក្រោយ។ វាអាចកាត់បន្ថយការបំភាយឧស្ម័នកាបូនបានពីបីទៅបួនភាគរយ ដែលស្មើនឹង 6,000 តោន/ឆ្នាំ ហើយអាចដឹកទំនិញច្រើនប្រភេទ៕
