យោងតាមប្រភពព័ត៌មានមួយចំនួន ក្លឹបបាល់ទាត់នៅបារីស PSG កំពុងចរចាដើម្បីចុះកិច្ចព្រមព្រៀងជាមួយកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមជាងគេនៅអាហ្វ្រិក នោះគឺ Hakim Ziyech។
កីឡាករខ្សែបម្រើរូបនេះ កំពុងថមថយកម្លាំងក្នុងគ្រាទាត់ឱ្យក្លឹប Chelsea ហើយអាចត្រូវបានអនុញ្ញាតឱ្យចាកចេញនៅថ្ងៃចុងក្រោយនៃរដូវកាលទិញដូរកីឡាករនារដូវរងាឆ្នាំនេះ។
វត្តមានរបស់កីឡាករឆ្នើមដូចជា Mykhailo Mudryk, Joao Felix និង Noni Madueke ជាដើម ក៏អាចធ្វើឱ្យពេលវេលានៃការប្រកួតរបស់ Ziyech ត្រូវបានកាត់បន្ថយបន្ថែមទៀត។ កីឡាករដែលធ្លាប់ត្រូវបានគេហៅថា «មេធ្មប់អាហ្វ្រិក» រូបនេះ ទើបតែទាត់បាន 4 ប្រកួតប៉ុណ្ណោះក្នុងនាមជាកីឡាករជម្រើសដំបូងនៅ លីគកំពូលអង់គ្លេស (English Premier League) ក្នុងរដូវកាលនេះ។
ព័ត៌មានពី The Athletic ឱ្យដឹងថា PSG ចង់ចុះកិច្ចសន្យាជាមួយកីឡាករម៉ារ៉ុក Hakim Ziyech ក្នុងទម្រង់ឱ្យខ្ចី ប៉ុន្តែអាចអមជាមួយនឹងលក្ខខណ្ឌទិញដាច់។ កីឡាករវ័យ 29 ឆ្នាំរូបនេះក៏ត្រូវបានគេជឿថា បានយល់ព្រមរួចហើយក្នុងការផ្លាស់ទីទៅទាត់ឱ្យ PSG សម្រាប់ពេលវេលាដែលនៅសល់ក្នុងរដូវកាលនេះ។
បច្ចុប្បន្ន PSG (Paris Saint-Germain) មានកីឡាករឆ្នើមលំដាប់កំពូលលើពិភពលោកមួយចំនួន រួមមានជាអាទិ៍ Lionel Andres Messi, Neymar da Silva Santos Junior, Kylian Mbappe និង Achraf Hakimi Mouh ជាដើម៕