(វៀតណាម) – យោងតាមគ្រូបង្វឹក Antoine Hey ក្រុមជម្រើសជាតិវៀតណាម លេងមិនទាន់បានល្អ បើទោះបានយកឈ្នះលើ មីយ៉ាន់ម៉ា 3-0 នៅជុំចុងក្រោយក្នុងពូល B នៅ AFF Cup 2022។
វៀតណាម ពិតជាមានភាពលេចធ្លោនៅពេលទទួលក្រុមរបស់ មីយ៉ាន់ម៉ា លើទីលាន My Dinh នៅ ហាណូយ កាលពីព្រលប់ម្សិលមិញ។ ក្រុមវៀតណាម គ្រប់គ្រងបាល់បាន 58% និងស៊ុតផ្ដាច់បាន 20 លើក ក្នុងនោះមាន 6 លើក បាល់ហោះចំគោលដៅ។
វៀតណាម បានយកឈ្នះលើ មីយ៉ាន់ម៉ា ក្នុងលទ្ធផល 3-0 ដោយថ្វីជើងរបស់ Nguyen Tien Linh និង Chau Ngoc Quang បន្ទាប់ពីកីឡាករ Kyaw Zin Lwin របស់ មីយ៉ាន់ម៉ា បានធ្វើឱ្យបាល់ចូលទីខ្លួនឯង។
ក៏ប៉ុន្តែ គ្រូបង្វឹករបស់ មីយ៉ាន់ម៉ា លោក Antoine Hey យល់ថា «វៀតណាម លេងមិនទាន់បានល្អពិតប្រាកដនៅឡើយ បើទោះជាបានឈ្នះ 3-0។ ដំបូង ពួកគេទាត់មិនមានស្ថិរភាព បែកអារម្មណ៍។ ជាក់ស្ដែង វៀតណាម ត្រូវការកែលំអបន្ថែមទៀត ដើម្បីអាចលេងបានល្អជាងនេះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ»។
បើទោះជាលេងមិនទាន់បានល្អ ប៉ុន្តែ វៀតណាម នៅតែបញ្ចប់វគ្គសន្សំពិន្ទុដោយឈរលើកំពូលតារាងពូល B និងមាន 10 ពិន្ទុ ដោយរកបាន 12 គ្រាប់ និងមិនទាន់ចាញ់ 1 គ្រាប់ណាឡើយ។ ក្រុមនេះនឹងត្រូវប៉ះ ឥណ្ឌូណេស៊ី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយធ្វើជាភ្ញៀវនៅថ្ងៃទី 06 មករា ហើយ 3 ថ្ងៃក្រោយមក នឹងធ្វើជាម្ចាស់ផ្ទះ។ ចំណែក មីយ៉ាន់ម៉ា វិញ ត្រូវបានជម្រុះជាផ្លូវការពី AFF Cup 2022៕