Skip to content

​អគារ​ស្នាក់​នៅ​​ខ្ពស់​​ជាង​គេ​​លើ​​ពិភព​​លោក​ ត្រូវ​​បាន​​​បើក​​ការដ្ឋាន​​សាង​សង់​​ក្នុង​​សប្ដាហ៍​​នេះ

(អារ៉ាប់​រួម)-អគារ​ស្នាក់នៅ​កម្ពស់​ជាង 100 ជាន់​ដែលមាន​រចនាបថ​មកុដ​ពេជ្រ​រាងស្ដើង ត្រូវបាន​ចាប់ផ្ដើម​សាងសង់​នៅ ឌូ​បៃ របស់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE)។

ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ Binghatti របស់ UAE សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ​ប្រណិត Jacob & Co ដើម្បី​សាងសង់​ស្ថាបត្យកម្ម​ថ្មី​នៅ​តំបន់ Business Bay ក្នុង​ទីក្រុង ឌូ​បៃ ដែល​គ្រោង​នឹង​ក្លាយជា​អគារ​ស្នាក់នៅ​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក ក្រោយពី​ស្ថាបនា​រួចរាល់ នេះ​បើតាម Design Boom ចុះផ្សាយ​កាលពី​ថ្ងៃទី 17 វិច្ឆិកា។

នាយក​ប្រតិបត្តិ​របស់ Binghatti លោក Muhammad Binghatti និង​ប្រធាន​ក្រុមហ៊ុន Jacob & Co លោក Jacob Arabo បាន​ទៅដល់​ទីតាំង​គម្រោង និង​ប្រកាស​បើក​ការដ្ឋាន​សាងសង់​អគារ​នេះ​កាលពី​ថ្ងៃទី 15 វិច្ឆិកា 2022។

អគារ​ដែលមាន​ឈ្មោះថា Burj Binghatti Jacob & Co Residences មាន​ជាង 100 ជាន់ ប៉ុន្តែ​កម្ពស់​ពិតប្រាកដ​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ។ ចំណែក​អគារ​ស្នាក់នៅ​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក​នាបច្ចុប្បន្ន​គឺ Central Park Tower ដែលមាន 98 ជាន់។ Central Park Tower ស្ថិតនៅក្នុង​ទីក្រុង New York សហរដ្ឋ​អាម៉េរិក មាន​កម្ពស់ 472.4 ម៉ែត្រ។

រូបភាព​ស្ដីពី​រចនាបថ​របស់ Burj Binghatti Jacob & Co Residences មាន​រូបរាង​ស្ដើង ហើយ​កំពូល​របស់​វា​គឺជា​ស្ថាបត្យកម្ម​ដែល​ស្រដៀង​នឹង​មកុដ​ដាំ​ត្បូង​ពេជ្រ៕

Leave a Reply

Your email address will not be published. Required fields are marked *