យន្តហោះដឹកប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ចុះចតនៅឯ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃនេះ នៅពេលលោកត្រៀមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជាមួយនឹងដៃគូសហការ។
លោក បៃដិន មកកាន់ កម្ពុជា បន្ទាប់ពីបានចូលរួមសន្នសីទកំពូលស្ដីពីអាកាសធាតុ COP27 នៅ អេហ្ស៊ីប។ នៅ ភ្នំពេញ លោក បៃដិន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងដៃគូពាក់ព័ន្ធ ក៏ដូចជា ជួបពិភាក្សាការងារជាមួយមេដឹកនាំរបស់ កម្ពុជា ជប៉ុន និង កូរ៉េខាងត្បូង។
«ប្រធានាធិបតី បៃដិន នឹងសង្កត់ធ្ងន់ទៅលើជំនួយរបស់ សហរដ្ឋអាម៉េរិក ចំពោះរចនាសម្ព័ន្ធតំបន់ដែលដឹកនាំដោយ អាស៊ាន និងពិភាក្សាអំពីបណ្ដាឱកាសដើម្បីធានានូវ តំបន់ឥណ្ឌូ-ប៉ាស៊ីនហ្វិក មួយដែលប្រកបដោយសេរីភាព បើកចំហ ផ្សារភ្ជាប់ រុងរឿង សុវត្ថិភាព និងបត់បែនជាងមុន» ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ សេតវិមាន កាលពីថ្ងៃទី 10 វិច្ឆិកា។
ក្រោយពីចាកចេញពី កម្ពុជា លោក បៃដិន នឹងធ្វើដំណើរទៅកាន់ Bali ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ជាទីដែលលោកគ្រោងនឹងជួបពិភាក្សាជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
កម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ានលើកទី 40 និង 41 រួមនឹងកិច្ចប្រជុំពាក់ព័ន្ធ ជាមួយនឹងដៃគូសហការ ក្នុងនោះមាន សហរដ្ឋអាម៉េរិក ផងដែរ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី 40 និង 41 រួមនឹងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវបានធ្វើឡើងក្នុងគ្រាដែលស្ថានការណ៍សន្តិសុខ សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក កំពុងមានភាពស្មុគស្មាញ ដែលត្រូវការក្រុមមេដឹកនាំរបស់ អាស៊ាន និងពិភពលោក ចូលរួមពិភាក្សា រកដំណោះស្រាយដើម្បីអាចស្ដារសេដ្ឋកិច្ច និងបណ្ដាវិបត្តិបច្ចុប្បន្ន ឱ្យបានឆាប់រហ័ស៕