ដើម្បីសម្រេចបានគោលដៅរបស់ក្រុមហ៊ុន ក្នុងការកាត់បន្ថយទាំងស្រុងនូវការបំភាយឧស្ម័នកាបូនឱ្យចុះមកនៅត្រឹម ០ ក្នុងឆ្នាំ ២០៥០ United Airlines របស់ សហរដ្ឋអាម៉េរិក កំពុងរៀបផែនការប្រើប្រាស់យន្តហោះអគ្គិសនីសម្រាប់ជើងហោះហើរក្នុងតំបន់ នៅឆ្នាំ ២០៣០។
យោងតាម CNBC បណ្ដាយន្តហោះដែលប្រើប្រាស់ថ្មផ្ទុកអគ្គិសនីនេះ កំពុងតែត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Heart Aerospace របស់ ស៊ុយអែត។ United Airlines បានបញ្ជាទិញយន្តហោះអគ្គិសនី ១០០ គ្រឿង ពីក្រុមហ៊ុនខាងលើ កាលពីខែកក្កដា ២០២១។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក មួយនេះ ក៏បានវិនិយោគទឹកប្រាក់មួយចំនួនទៅក្នុងក្រុមហ៊ុន Heart Aerospace តាមរយៈមូលនិធិបណ្ដាក់ទុនរបស់ខ្លួន។
ក្រៅពីនេះ United Airlines ថ្មីៗនេះក៏បានបង្កើនការវិនិយោគទៅលើវិស័យអាកាសចរណ៍ដែលបំភាយឧស្ម័នកម្រិតទាប ក៏ដូចជាប្រកាសអំពីគម្រោងការទិញតាក់ស៊ីហោះដំណើរការដោយអគ្គិសនី និងយន្តហោះដែលអាចហោះឡើងត្រង់ទៀតផង។
ក្រុមហ៊ុនអាកាសចរណ៍នេះថែមទាំងមានបំណងផ្ដោតការវិនិយោគទៅលើបច្ចេកវិទ្យាមួយចំនួនទៀត រួមមានម៉ូទ័រអគ្គិសនី អ៊ីដ្រូសែន និងបណ្ដាក្រុមហ៊ុនដែលនៅពីក្រោយបច្ចេកវិទ្យាដែលកំពុងរីកចម្រើនខ្លាំងក្លានាបច្ចុប្បន្ន។
ប្រធានក្រុមហ៊ុន United Airlines លោក Mike Leskinen នៅក្នុងក្របខណ្ឌនៃសន្និបាតនិម្មិត ESG Impact របស់ CNBC កាលពីថ្ងៃទី ០៦ តុលា បានឱ្យដឹងថា ក្រុមហ៊ុននេះមិនអាចបន្តការងាររបស់ខ្លួនដូចមុនទៀតទេ នៅក្នុងគ្រាដែលបច្ចេកវិទ្យាមានការរីកចម្រើន និងវិបត្តិអាកាសធាតុកំពុងកើតឡើង។ ដូច្នេះ លោកអះអាងថា United Airlines ត្រូវតែផ្លាស់ប្ដូរវិធីដំណើរការ និងជំនួញ តាមរយៈកញ្ចប់វិនិយោគទៅក្នុងវិស័យបច្ចេកវិទ្យា៕