ព្រលានយន្តហោះឯកជនដែលគ្រោងនឹងសាងសង់នេះ ត្រូវបានគេជឿថា នឹងផ្ដល់ភាពងាយស្រួលសម្រាប់មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk ក្នុងការធ្វើដំណើរពិនិត្យមើលរោងចក្រនានារបស់ខ្លួន។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនអវកាស SpaceX លោក Elon Musk ទើបតែបានប្រកាសថា នឹងសាងសង់ព្រលានយន្តហោះផ្ទាល់ខ្លួននៅភាគខាងកើតនៃតំបន់ Austin រដ្ឋ Texas នេះបើតាមប្រភពព័ត៌មានមួយពីទំព័រ Austonia។
បើទោះជាពេលវេលានៃការបើកការដ្ឋានសាងសង់ និងទីតាំងជាក់លាក់មិនទាន់ត្រូវបានបង្ហើបឱ្យដឹងច្បាស់ ប៉ុន្តែប្រភពមួយចំនួនដែលជិតស្និទ្ធនឹងមហាសេដ្ឋី Elon Musk បានបញ្ជាក់ថា ព័ត៌មានខាងលើគឺពិតជាត្រឹមត្រូវ។
ព្រលានយន្តហោះឯកជននេះត្រូវបានគេជឿថា នឹងផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរទៅកាន់រោងចក្រទាំងឡាយរបស់លោក Musk នៅតំបន់ Austin ដោយសារថា រោងចក្រទាំង ៣ កន្លែងរបស់លោក Musk សុទ្ធតែស្ថិតនៅក្នុងតំបន់ Austin។
ទោះជាយ៉ាងណាក៏ដោយ ការសាងសង់ព្រលានយន្តហោះភ្លាមៗបែបនេះគឺជារឿងមិនអាចទៅរួច ដោយសារថា លោក Musk នឹងត្រូវការការយល់ព្រមពីស្ថាប័នការពារបរិស្ថានអាម៉េរិក EPA និងនាយកដ្ឋានអាកាសចរណ៍អាម៉េរិក FAA៕