នាព្រឹកថ្ងៃទី ២០ កក្កដា ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារពាក់ព័ន្ធ អញ្ជើញចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ ១៤។
ក្នុងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ និងផ្ទៀងផ្ទាត់គុណភាពនៃគម្រោងខាងលើ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវនេះសាងសង់បានល្អ មានគុណភាពរឹងមាំ ក្រោយការធ្វើតេស្តសាកល្បងចំនួន ៤១៤ កន្លែង ក្នុងនោះមានតែ ២ កន្លែងប៉ុណ្ណោះដែលមានគុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។
ចំពោះកំណាត់ផ្លូវក្រាល AC វិញ លោករដ្ឋមន្ត្រីបានថ្លែងថា កម្រិតនៃភាពរលាក់ IRI មានតម្លៃតូចជាង ២m/km ដែលស្ថិតក្នុងកម្រិតល្អណាស់។ រីឯផ្លូវបេតុង លទ្ធផលនៃការពិនិត្យកម្រិតនៃភាពកកិត បានបង្ហាញថា តម្លៃនៃភាពកកិតរបស់ផ្ទៃកម្រាលបេតុង គឺខ្ពស់ជាងស្តង់ដារដែលបានកំណត់។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវខាងលើអាចជួយសម្រួលដល់ឡានដឹកទំនិញធុនធ្ងន់ធ្វើដំណើរវាងផ្លូវជាតិលេខ ៤ ដោយជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍លើផ្លូវជាតិនេះ។
យោងតាម អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ ១៤៦បេ និងផ្លូវលេខ ១៤៨ នេះ សម្រេចបាន ៩៩,៨១% ហើយ គិតត្រឹមថ្ងៃទី ២០ កក្កដានេះ៕