ធនាគាររបស់ កងទ័ពវៀតណាម MB ទទួលបានការយល់ព្រមឱ្យបង្កើតធនាគារដែលប្រើប្រាស់ទុន ១០០% នៅ កម្ពុជា និងត្រូវបានដាក់ឈ្មោះកាត់ថា MBCambodia និងឈ្មោះពេញជា ភាសាអង់គ្លេស ថា MB Cambodia Bank, Public limited Company។
ធនាគារជាតិវៀតណាម កាលពីពេលថ្មីៗនេះ បានចេញលិខិតអនុញ្ញាតឱ្យ ធនាគារពាណិជ្ជកម្មយោធា (MB) របស់ កងទ័ពវៀតណាម បង្កើតធនាគារដែលមានទុន ១០០% នៅ កម្ពុជា ហើយនឹងមានទីតាំងស្ថិតនៅលើមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមលិខិតរបស់ ធនាគារជាតិវៀតណាម ធនាគារកងទ័ពវៀតណាម MB មានភារកិច្ចអនុវត្តយន្តការបញ្ចប់សកម្មភាពរកស៊ី រំសាយសាខាធនាគារ MB នៅ កម្ពុជា ទៅតាមច្បាប់របស់ កម្ពុជា និងច្បាប់របស់ វៀតណាម។ ក្នុងរយៈពេល ២៤ ម៉ោង រាប់ចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតអនុញ្ញាត MB ត្រូវតែបើកសម្ពោធធនាគារដែលមានទុន ១០០% នៅ កម្ពុជា។
គម្រោងប្ដូរសាខា MB នៅ កម្ពុជា ទៅជាធនាគារពាណិជ្ជកម្ម ត្រូវបាន MB Bank ប្រកាសតាំងពីដើមឆ្នាំ ២០២១។ ក្រៅពីនេះ MB ក៏មានគម្រោងលក់ភាគហ៊ុនពី ៣៦% ទៅ ៤៩% របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅ កម្ពុជា ទៅឱ្យដៃគូយុទ្ធសាស្ត្របរទេស ដើម្បីដំណើរការអាជីវកម្មថ្មី ក្នុងនោះនឹងផ្ដោតសំខាន់ទៅលើវិស័យមីក្រូហិរញ្ញវត្ថុនៅលើថ្នាលឌីជីថល។
បន្ទាប់ពីការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅ កម្ពុជា MB Bank ក្លាយជាក្រុមហ៊ុនហិរញ្ញវត្ថុពហុជាតិ ដែលនៅចំពោះមុខ នឹងផ្ដោតលើទីផ្សារអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ MB នៅ កម្ពុជា នឹងក្លាយជាគ្រឹះដើម្បីឱ្យ ធនាគារកងទ័ពវៀតណាម អភិវឌ្ឍកាន់តែខ្លាំងក្លានូវសេវាកម្មហិរញ្ញវត្ថុដទៃទៀតនៅ កម្ពុជា ពិសេសគឺវិស័យធានារ៉ាប់រង និងមូលបត្រ៕