(ភ្នំពេញ)-ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គ្រោងនឹងត្រូវដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ ដោយមិនតម្រូវឱ្យបង់ប្រាក់ក្នុងការធ្វើដំណើររយៈពេលពេញមួយខែ នេះបើតាម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងដំណើរត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យបញ្ជាក់ថា ការសាងសង់ផ្លូវនេះសម្រេចបាន ៩៥% ហើយគ្រោងនឹងត្រូវដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ ដោយមិនតម្រូវឱ្យបង់ប្រាក់ក្នុងការធ្វើដំណើររយៈពេលមួយខែ។
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ដោយមានទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពី ប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ ២,០០០ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពី រដ្ឋាភិបាលចិន ប្រមាណ ១៥០ លានដុល្លារ។
គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រ ក្នុងនោះវាមានទទឹងតួផ្លូវ ២៤.៥ ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ។ គន្លងផ្លូវធ្វើចរាចរណ៍ចែកជា ៤ គន្លង (២ គន្លងទៅ ២គន្លងមក)។ ផ្លូវនេះអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រ/ម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់ ១២០ គីឡូម៉ែត្រ/ម៉ោង។
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានស្ពានតូចចំនួន ៥ កន្លែង, ស្ពានធំ និងស្ពានមធ្យមចំនួន ៨០ កន្លែង។ ផ្លូវនេះក៏មានស្ពានរំលងផ្លូវចំនួន ២០ កន្លែង, ចំណតឈប់សម្រាកចំនួន ៣ កន្លែង, ចំណតរថយន្តចំនួន ១កន្លែង, មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន ៤ កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៩ កន្លែង៕