ស្ថានីយអវកាសចិន Tiangong គ្រោងនឹងស្ថាបនារួចរាល់នៅចុងឆ្នាំនេះ ហើយអាចបើកទ្វារទទួលភ្ញៀវទេសចរណ៍អវកាសក្នុងរង្វង់ ១០ ឆ្នាំទៀត។
Yang Liwei ដែលបានក្លាយជាអ្នកអវកាសដំបូងរបស់ ប្រទេសចិន ឱ្យដឹងថា អ្នកទាំងឡាយណាដែលមិនត្រូវបានបណ្ដុះបណ្ដាលឱ្យក្លាយជាអ្នកអវកាសផ្លូវការ អាចហោះទៅធ្វើទស្សនកិច្ចស្ថានីយអវកាស Tiangong របស់ចិន នៅក្នុងអនាគតដ៏ខ្លីខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទំព័រ Space កាលពីថ្ងៃទី ២២ មីនា។
«វាមិនមែនជាបញ្ហាបច្ចេកវិទ្យានោះទេ តែវាគឺជាតម្រូវការ។ រឿននេះនឹងក្លាយជាការពិតក្នុងរង្វង់ ១ ទសវត្សរ៍ទៀត ឱ្យតែមានតម្រូវការដូច្នេះ» Yang បានឆ្លើយដូច្នេះ នៅពេលត្រូវបានសួរថា តើប្រជាជនអាចធ្វើទស្សនកិច្ចស្ថានីយអវកាស Tiangong ដែរ ឬអត់។ លោក Yang បច្ចុប្បន្នគឺជាសមាជិកសន្និបាតក្រុមប្រឹក្សានយោបាយប្រជាជនចិន (CPPCC)។
ចំណែក Chu Jianping ដែលជាប្រធានផ្នែករចនាក្នុងកម្មវិធីយានអវកាសដឹកមនុស្សរបស់ ប្រទេសចិន ក៏បានឱ្យដឹងថា យានអវកាស Shenzhou អាចត្រូវបានប្រើប្រាស់សម្រាប់វិស័យទេសចរណ៍អវកាសក្នុងពេលអនាគត។
ការលើកឡើងទាំងឡាយខាងលើបង្ហាញថា ប្រទេសចិន កំពុងស្វែងរកវិធីដើម្បីកសាងទីផ្សារទេសចរណ៍អវកាសដោយឡែករបស់ខ្លួន។
ក៏ប៉ុន្តែ ដំបូង ចិន ត្រូវសាងសង់ស្ថានីយអវកាសរាងអក្សរ T ឱ្យបានរួចរាល់។ ប្រទេសចិន គ្រោងនឹងបាញ់បង្ហោះយាន ៦ លើកទៀតក្នុងឆ្នាំនេះ ដើម្បីបង្ហើយការស្ថាបនាស្ថានីយអវកាស Tiangong។
នៅ ប្រទេសចិន មានក្រុមហ៊ុនធំៗមួយចំនួនក៏កំពុងអភិវឌ្ឍផ្នែកទេសចរណ៍អវកាស។ CAS Space ដែលជាក្រុមហ៊ុនរបស់ បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) មានផែនការផ្ដល់សេវាកម្មទេសចរណ៍អវកាសដល់អតិថិជន យ៉ាងឆាប់ត្រឹមឆ្នាំ ២០២៥។ ចំណែកក្រុមហ៊ុនយន្តហោះអវកាស Space Transportation ក៏កំពុងអភិវឌ្ឍ រ៉ុក្កែតមានស្លាប ដែលអាចហោះហើរទៅកាន់តំបន់ក្រោមគន្លងគោចរនៅឆ្នាំ ២០២៥ ផងដែរ។ ជើងហោះហើរទៅកាន់គន្លងគោចររបស់ផែនដី គ្រោងនឹងត្រូវធ្វើឡើងនៅឆ្នាំ ២០៣០៕