មហាសេដ្ឋីរុស្ស៊ី Roman Abramovich ត្រូវបានរដ្ឋាភិបាលនៃ ប្រទេសអង់គ្លេស ដាក់ទណ្ឌកម្ម ដោយការបង្កកទ្រព្យ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss នាថ្ងៃទី ១០ មីនានេះ បានប្រកាសបទបញ្ជាដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងហាមធ្វើដំណើរចំពោះអ្នកមានកំពូលៗចំនួន ៧ រូបរបស់ រុស្ស៊ី។ ក្នុងចំណោមនោះមានប្រធានក្លឹបបាល់ទាត់អង់គ្លេស Chelsea លោក Roman Abramovich ផងដែរ។
បទបញ្ជាដាក់ទណ្ឌកម្មនេះបានលើកឡើងច្បាស់ថា ទ្រព្យសម្បត្តិទាំងអស់របស់បុគ្គលទាំង ៧ រូបនេះ នៅ អង់គ្លេស នឹងត្រូវបានបង្កក។ ពួកគេក៏ត្រូវហាមធ្វើដំណើរ ចូលមកទឹកដីអង់គ្លេស ព្រមទាំងមិនអនុញ្ញាតឱ្យក្រុមហ៊ុនណាមួយរបស់ អង់គ្លេស ធ្វើជំនួញជាមួយបុគ្គលទាំងនេះ។
កាលពីសប្ដាហ៍មុន មហាសេដ្ឋី Abramovich ប្រកាសលក់ក្លឹបបាល់ទាត់ Chelsea ហើយប្រាក់ដែលលក់បាននឹងត្រូវយកទៅជួយដល់ក្រុមអ្នករងគ្រោះដោយសារសង្គ្រាមនៅ អ៊ុយក្រែន។
ការសម្រេចរបស់អាជ្ញាធរអង់គ្លេស នឹងមានសុពលភាពមុនពេលដំណើរការលក់ក្លឹប Chelsea ដែលមានតម្លៃប្រហែល ៣ ពាន់លានផោន ស្មើនឹងជាង ៣.៩ ពាន់លានដុល្លារអាម៉េរិក ត្រូវបានធ្វើឡើងចប់សព្វគ្រប់។
មកដល់ពេលនេះ អង់គ្លេស បានដាក់ទណ្ឌកម្មចំពោះបុគ្គល និងក្រុមហ៊ុនរុស្ស៊ី ចំនួនជាង ២០០ បុគ្គល និងស្ថាប័ន។ ក្រៅពីលោក Abramovich បុគ្គលដែលស្ថិតក្នុងបញ្ជីទណ្ឌកម្មថ្មីរបស់ អង់គ្លេស ក៏មាន មហាសេដ្ឋី Oleg Deripaska ដែលមានភាគហ៊ុនច្រើននៅ En+ Group, Igor Sechin នាយកប្រតិបត្តិរបស់ Rosneft, Andrey Kostin ប្រធានធនាគារ VTB, Alexei Miller នាយកប្រតិបត្តិរបស់ Gazprom, Nikolai Tokarev ប្រធានក្រុមហ៊ុន Transneft និង Dmitri Lebedev ប្រធានក្រុមប្រឹក្សាភិបាលធនាគារ Rossiya ផងដែរ៕