បើទោះជាបានផ្អាកសកម្មភាពពាណិជ្ជកម្មនៅ ប្រទេសរុស្ស៊ី ប៉ុន្តែ ក្រុមហ៊ុន McDonald’s នៅតែបើកប្រាក់ខែជូនបុគ្គលិក ៦២,០០០ នាក់ រួមទាំងថ្លៃជួលទីតាំង។ល។
ទំព័រ CNBC បានរាយការណ៍ថា McDonald’s គណនាឃើញថា ការបិទទ្វារហាងនៅ រុស្ស៊ី នឹងធ្វើឱ្យក្រុមហ៊ុនអាហាររហ័សមួយនេះ បាត់បង់ប្រាក់ប្រហែល ៥០ លានដុល្លារ ជារៀងរាល់ខែ រហូតដល់ពេលបើកទ្វារទទួលភ្ញៀវឡើងវិញ។
ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្ដាលនៅ Chicago សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ៨ មីនា បានប្រកាសថា ពួកគេនឹងផ្អាកដំណើរការបណ្ដោះអាសន្នចំពោះហាង McDonald’s នៅ រុស្ស៊ី។ ក្រុមហ៊ុននេះ មានហាងប្រហែល ៨៥០ កន្លែងនៅ រុស្ស៊ី ដែលភាគច្រើនគឺជាកម្មសិទ្ធិរបស់ McDonald’s មិនមែនជាហាងលក់សិទ្ធិអាជីវកម្មបន្ត (franchise)។
បណ្ដាយីហោអាហារ និងភេសជ្ជៈដទៃទៀតរបស់ អាម៉េរិក ដូចជា Starbucks, Yum Brands, Coca Cola និង Papa John’s ក៏តាមពីក្រោយសកម្មភាពរបស់ McDonald’s។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ McDonald’s លោក Devin Ozan ឱ្យដឹងថា បច្ចុប្បន្ន McDonald’s បានគណនាឃើញថា ពួកគេនឹងត្រូវបាត់បង់ ៥០ លានដុល្លារ ជារៀងរាល់ខែ។
ក្រុមហ៊ុននេះក៏បានសន្យាបើកប្រាក់ខែជូនបុគ្គលិកជា ជនជាតិរុស្ស៊ី ប្រហែល ៦២,០០០ នាក់ របស់ខ្លួន នៅក្នុងអំឡុងពេលផ្អាកដំណើរការ។ លោក Ozan បានឱ្យដឹងថា McDonald’s ក៏នឹងបង់ថ្លៃជួលទីតាំង ក៏ដូចជាការចំណាយលើបណ្ដាញផ្គត់ផ្គង់ និងខ្ទង់ចំណាយដទៃទៀតផងដែរ៕