សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ២ មីនា បានកាត់ផ្ដាច់ធនាគារចំនួន ៧ របស់ រុស្ស៊ី ចេញពីប្រព័ន្ធ SWIFT ដោយសារទណ្ឌកម្មបន្ថែមទាក់ទងនឹងយុទ្ធនាការយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន។
យោងតាមប្រកាសរបស់ EU ធនាគារទាំង ៧ ស្ថាប័នខាងលើរួមមាន ធនាគារធំជាងគេលំដាប់ទី ២ របស់ រុស្ស៊ី VTB, ធនាគារ Otkritie, Novikombank, Promsvyazbank, Rossiya, Sovcombank និង VEB (Vnesheconombank)។ ទណ្ឌកម្មលើធនាគារទាំងនេះ មានសុពលភាពភ្លាម។
មូលហេតុនៃការដាក់ទណ្ឌកម្មទៅលើបណ្ដាធនាគារខាងលើ ត្រូវបានមន្ត្រីជាន់ខ្ពស់មួយរូបរបស់ EU បកស្រាយថា ព្រោះតែពួកគេមានទំនាក់ទំនងជាមួយ រដ្ឋាភិបាលរុស្ស៊ី។
ការដាក់ទណ្ឌកម្មរបស់ EU នេះ ត្រូវបានធ្វើឡើងក្រោយពី កងទ័ពរុស្ស៊ី បានចូលឈ្លានពានលើទឹកដីរបស់ អ៊ុយក្រែន បន្ទាប់ពី ប្រធានាធិបតី ពូទីន បានប្រកាសបើកយុទ្ធនាការយោធាពិសេសកាលពីថ្ងៃទី ២៤ កុម្ភៈ ២០២២។
SWIFT (Society of Worldwide Interbank Financial Telecommunication) ដែលជាបណ្ដាញទូរគមនាគមន៍ហិរញ្ញវត្ថុ នៃធនាគារទូទាំងពិភពលោក។ ប្រព័ន្ធ SWIFT នេះមានស្ដង់ដារតែមួយ ដែលមានសុវត្ថិភាពខ្ពស់បំផុតនៅក្នុងការផ្ទេរ និងទទួលប្រាក់ពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាង ១១,០០០ ក្រុមហ៊ុន នៅក្នុងប្រទេស និងដែនដីជាង ២០០ របស់ពិភពលោក៕