នាវាមួយគ្រឿងដែលស្ថិតក្នុងចំណោមនាវាទេសចរណ៍ធំជាងគេក្នុងពិភពលោក របស់ មហាសេដ្ឋីរុស្ស៊ី Alisher Usmanov ត្រូវបានអាជ្ញាធរអាល្លឺម៉ង់ រឹបអូសកាលពីថ្ងៃទី ២ មីនា ដែលនេះគឺជាករណីរឹបអូសនាវាទេសចរណ៍ដំបូង ក្រោយពី អឺរ៉ុប និង អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមមហាសេដ្ឋីរុស្ស៊ី។
យោងតាម Yahoonews នាវាទេសចរណ៍ Dilbar មានប្រវែង ១៥៦ ម៉ែត្រ ត្រូវបានសាងសង់ដោយឡែកទៅតាមការបញ្ជាទិញរបស់មហាសេដ្ឋី Alisher Usmanov។ អ្នកមានរូបនេះបានទិញនាវាទេសចរណ៍កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃ ៦០០ លានដុល្លារអាម៉េរិក។ មានពេលខ្លះ នេះគឺជានាវាទេសចរណ៍ធំជាងគេបង្អស់ក្នុងពិភពលោក បើគិតទៅតាមសមត្ថភាពផ្ទុក។ ចាប់ពីខែតុលា ២០២១ នាវា Dilbar បានស្ថិតនៅឯ Hamburg ប្រទេសអាល្លឺម៉ង់ ដើម្បីជួសជុល។
មហាសេដ្ឋី Alisher Usmanov កំពុងប្រឈមមុខនឹងទណ្ឌកម្មរបស់លោកខាងលិច។ លោក Usmanov មានទ្រព្យតម្លៃរាប់ពាន់លានដុល្លារ នៅក្នុងក្រុងហ៊ុន Metalloinvest, ក្រុមហ៊ុនទូរស័ព្ទ MegaFon, ក្រុមហ៊ុនអេឡិចត្រូនិក Xiaomi ក៏ដូចជាអចលនទ្រព្យជាច្រើននៅពាសពេញ ទឹកដីអឺរ៉ុប។ Forbes បានឱ្យដឹងថា លោក Usmanov ក៏ជាអ្នកវិនិយោគដំបូងមួយរូបរបស់ Facebook។
ក្នុងថ្ងៃទី ២ មីនាដដែល ក្លឹបបាល់ទាត់ Everton F.C នៃលិគកំពូលអង់គ្លេស បានកាត់ផ្ដាច់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ៣ ផ្សេងទៀត របស់លោក Usmanov។
កាលពីសប្ដាហ៍កន្លង មហាសេដ្ឋីរុស្ស៊ី Roman Abramovich ក៏បានប្រគល់សិទ្ធិគ្រប់គ្រងក្រុមបាល់ទាត់ Chelsea ទៅឱ្យមូលនិធិមនុស្សធម៌ មុនពេល អង់គ្លេស អនុវត្តការដាក់ទណ្ឌកម្ម។ មហាសេដ្ឋីរូបនេះក៏កំពុងស្វែងរកវិធីដើម្បីលក់ក្លឹបបាល់ទាត់នេះ។
សេតវិមាន បានព្រមានថា «យើងនឹងបញ្ជូនកម្លាំងពិសេសឆ្លងមហាសមុទ្រអាត្លង់ទិក ដើម្បីកំណត់ទីតាំង ស្វែងរក និងបង្កកទ្រព្យសម្បត្តិរបស់បណ្ដាក្រុមហ៊ុន និងមហាសេដ្ឋីរុស្ស៊ី ដែលជាប់ក្នុងបញ្ជីទណ្ឌកម្ម»។
ទណ្ឌកម្មខាងលើត្រូវបានធ្វើឡើងបន្ទាប់ពី រុស្ស៊ី បានចូលឈ្លានពានទឹកដីរបស់ អ៊ុយក្រែន ក្រោមលេសថា ដើម្បីការពារសន្តិសុខប្រទេសជាតិ និងការពារប្រជាជនដែលនិយាយ ភាសារុស្ស៊ី នៅតំបន់ភាគខាងកើតរបស់ អ៊ុយក្រែន៕