Tatyana Bakalchuk ជាស្ថាបនិករបស់ក្រុមហ៊ុន Wildberries បច្ចុប្បន្នគឺជាស្ត្រីដែលមានទ្រព្យច្រើនជាងគេបង្អស់នៅ ប្រទេសរុស្ស៊ី ដោយបច្ចុប្បន្នមានទ្រព្យ ១១.៧ ពាន់លានដុល្លារអាម៉េរិក នេះបើយោងតាម Real Time របស់ Forbes។
ដោយសារតម្រូវការនៃការទិញទំនិញតាមអនឡាញកើនឡើងខ្ពស់ក្នុងសម័យកូវីដ-១៩ អ្នកស្រី Tatyana បានក្លាយជាមហាសេដ្ឋិនី ព្រោះតែទ្រព្យបានកើនយ៉ាងលឿនក្នុងឆ្នាំ ២០២១ ពី ១.១ ពាន់លានដុល្លារ ឡើងដល់ ១២.៩ ពាន់លានដុល្លារអាម៉េរិក។
Tatyana កើតឆ្នាំ ១៩៧។ អ្នកស្រីធ្លាប់ត្រូវបានគេចាត់ទុកថា «ជែក ម៉ា របស់ រុស្ស៊ី» ដោយសារអ្នកស្រីធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស មុននឹងចេញរកស៊ី និងកសាងក្រុមហ៊ុនពាណិជ្ជកម្មអនឡាញដោយជោគជ័យ។
អ្នកស្រី Tatyana បង្កើត Wildberries កាលពីឆ្នាំ ២០០៤ នៅពេលមានអាយុ ២៨ ឆ្នាំ និងទើបបង្កើតបានកូនច្បងម្នាក់ (បច្ចុប្បន្នអ្នកស្រីមានកូន ៤ នាក់)។ កត្តាដែលនាំឱ្យអ្នកស្រី Tatyana បង្កើតក្រុមហ៊ុននេះឡើង គឺដោយសារកាលណោះ អ្នកស្រីកំពុងមានផ្ទៃពោះ និងជួបការលំបាកច្រើនទាក់ទងនឹងជីវភាពប្រចាំថ្ងៃសម្រាប់ស្ត្រីកំពុងពពោះ និងស្ត្រីមានកូនតូច និងដោយមើលឃើញថា នេះមិនមែនជាបញ្ហាដែលអ្នកស្រីជួបប្រទះតែម្នាក់ឯង អ្នកស្រីក៏បានសម្រេចចិត្តឈប់ធ្វើការដើម្បីបង្កើតក្រុមហ៊ុន Wildberries ជាគេហទំព័រដែលលក់តែផលិតផលប្រើប្រាស់ក្នុងផ្ទះ និងសម្លៀកបំពាក់។
«ថ្ងៃដំបូងនៃការចាប់ផ្ដើម ខ្ញុំធ្វើគ្រប់យ៉ាងតែឯង តាំងពីទៅយកទំនិញ និងប្រគល់ឱ្យអតិថិជនដោយផ្ញើតាមរថភ្លើងអគ្គិសនីក្រោមដី ឬរថយន្តក្រុង» អ្នកស្រី Tatyana រៀបរាប់។ ឆ្នាំ ២០០៤ ដដែល ស្វាមី Vladislav របស់អ្នកស្រី ក៏បានបោះបង់ការងារជាវិស្វករផ្នែកព័ត៌មានវិទ្យា ដើម្បីជួយគ្រប់គ្រងមុខជំនួញរបស់អ្នកស្រី។
អ្នកទាំងពីរបានចាប់ផ្ដើមចេញរកស៊ីដោយមានទុនដំបូងតែ ៧០០ ដុល្លារប៉ុណ្ណោះ ក្នុងនោះ ៧០ ដុល្លារគឺសម្រាប់ការផ្សាយពាណិជ្ជកម្ម។
ក្រោយមក Tatyana បានទិញខោអាវក្នុងបរិមាណច្រើនពីទំព័រ Otto របស់ អាល្លឺម៉ង់ រួចថតរូបទំនិញ និងលក់វានៅលើគេហទំព័ររបស់ខ្លួន។ អ្នកស្រីបានជួលអ្នកប្រគល់ទំនិញនៅ មូស្គូ និងតំបន់ក្បែរខាង ឬប្រើប្រាស់សេវាប្រៃសណីយ៍ដើម្បីប្រគល់ទំនិញដល់អតិថិជននៅឆ្ងាយ។
ក្រោយរកស៊ីជាមួយ Otto បាន ៤ ឆ្នាំ អ្នកស្រី Tatyana ក៏បានដកខ្លួន និងចាប់ផ្ដើមរកស៊ីផ្ទាល់ជាមួយបណ្ដាយីហោ។ ក្នុងពេល Adidas រងឥទ្ធិពលដោយសារវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ ២០០៨ និងត្រូវដោះស្រាយជាមួយទំនិញដែលមានតម្លៃជាង ១ លានអឺរ៉ូ អ្នកស្រី Tatyana បានបង្ហាញខ្លួនដូចទៅនឹងអ្នកជួយសង្គ្រោះសម្រាប់ Adidas និងបានទិញទំនិញទាំងអស់នោះ។ អ្នកស្រីក៏បានលក់ទំនិញទាំងនេះក្នុងរង្វង់ ២ ឆ្នាំបន្ទាប់។
ដោយវិធីខាងលើ Wildberries ក៏បានក្លាយជាអ្នកលក់រាយអនឡាញធំជាងគេនៅ រុស្ស៊ី។ ខែមីនា ២០១៩ Wildberries បានក្លាយជាគេហទំព័រពាណិជ្ជកម្មអនឡាញដែលមានគេចូលមើលច្រើនជាងគេលំដាប់ទី ៣ ក្នុងពិភពលោក បន្ទាប់ពី H&M និង Macy’s។ នេះបើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនវិភាគទីផ្សារ SEMrush។
បច្ចុប្បន្ន Wildberries គឺជាក្រុមហ៊ុនធំ ដោយមានឃ្លាំងផ្ទាល់ខ្លួនជាច្រើន និងបុគ្គលិករាប់ម៉ឺននាក់។ Wildberries លក់គ្រប់យ៉ាងដែលមនុស្សម្នាក់ត្រូវការ ដោយមានផលិតផលប្រហែល ៣១ ពាន់យីហោ។ ក្រុមហ៊ុននេះរកចំណូលបាន ៣.៥ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៩ និង ៥.៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២។ ក្រៅពី រុស្ស៊ី Wildberries ក៏មានវត្តមាននៅក្នុងប្រទេសមួយចំនួនផ្សេងទៀតផងដែរ។
បើទោះជាមានទ្រព្យច្រើន ប៉ុន្តែ អ្នកស្រី Tatyana Bakalchuk និងស្វាមី កម្រនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ ឬកិច្ចសម្ភាសនានា៕