កិច្ចប្រជុំស្ដីពីគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលឆ្លងកាត់ទន្លេបាសាក់ ក្នុង រាជធានីភ្នំពេញ ត្រូវបានធ្វើឡើង កាលពីថ្ងៃ ៤ ខែមករា ឆ្នាំ ២០២២ នៅទីស្តីការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រោមវត្តមានរបស់ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង និងថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ក្រុមការងារជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន Shanghai Construction Group Co., Ltd. (SCG) រួមនឹងវត្តមានរបស់ក្រុមមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការរចនាប្លង់លម្អិតនៃគម្រោង លំហូរចរាចរណ៍បច្ចុប្បន្ន និងលំហូរចរាចរណ៍ ព្យាករណ៍ក្នុងពេលអនាគត បណ្តាញផ្លូវតភ្ជាប់សងខាងស្ពានជាមួយនឹងបណ្តាញផ្លូវពាក់ព័ន្ធចំណុច ប្រសព្វ រួមនឹងបញ្ហាតម្លៃប៉ាន់ស្មានសរុបលើគម្រោងសាងសង់ ជម្រើសរចនាប្លង់លម្អិត និងបទដ្ឋានបច្ចេកទេស នៃការសាងសង់។
ឯកឧត្តម ឯកឧត្តម លឹម ស៊ីដេនីន បានស្នើឱ្យអង្គប្រជុំផ្តល់មតិយោបល់បន្ថែម ដើម្បីជួយឱ្យរបាយការណ៍ពាក់ព័ន្ធមានភាពល្អប្រសើរ មុននឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងអនុម័ត។
ក្រោយការសាងសង់រួចរាល់ ស្ពានព្រែកតាឡុង នេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ត្រង់ចំណុចស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ទៅកាន់ផ្លូវជាតិលេខ១ នៅច្បារអំពៅ ព្រមទាំងជួយដល់វិស័យសេដ្ឋកិច្ច សង្គម នៅក្នុងតំបន់រាជធានីភ្នំពេញប៉ែកខាងត្បូង និងតំបន់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅទីក្រុង តាខ្មៅ ផងដែរ។