គម្រោង​ពុះ​ដីឡូត៍​លក់​នៅតាម​ផ្លូវ​ក្រវាត់ក្រុង​ទី3 កំពុង​តែមាន​ភាព​សក​ម្ម​ខ្លាំង

បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី3 រួចមក សកម្មភាព​ពុះ​ដីឡូត៍​លក់​នៅតាម​បណ្ដោយ​ផ្លូវ​ក្រវាត់ក្រុង​ថ្មី​មួយ​នេះ​កំពុងមាន​សកម្មភាព​អ៊ូអរ​ជាបណ្តើរៗហើយ ទោះបីជា​កម្ពុជា​កំពុងស្ថិត​ក្នុង​ដំណើរ-​ការរៀបចំ​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​ហើយក៏​ដោយ។

លោក លី សុបិន ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ ដេលី រៀល​ធី​គ្រុបមានប្រសាសន៍​ទទួលស្គាល់​ថា ទោះបី​បច្ចុប្បន្ន​កម្ពុជា​បានបញ្ចប់​ដំណើរ-ការ​បោះឆ្នោត និង​ត្រៀម​ប្រកាស​គណៈរដ្ឋមន្ត្រី​ដើម្បី​ចូលកាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​នៅពេលឆាប់ៗនេះ​ក៏ដោយ តែ​ក៏​ការ​ពុះ​ដីឡូត៍​លក់​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​ ពិសេស​នៅតាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី3 ដែល​ត​ភ្ជាប់​ពី​តំបន់​គល់ស្ពាន​ព្រែក​ព្នៅ ឆ្លងកាត់​តាមផ្លូវ​តំបន់​កប់​ស្រូវឆ្លងកាត់​ផ្លូវជាតិ​លេខ4 មក​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ1 ស្រុក​កៀនស្វាយ ខេត្តកណ្តាល​បច្ចុប្បន្ននេះ​កំពុងមាន​សកម្មភាព​អ៊ឹកធឹក​គគ្រឹកគគ្រេង​យ៉ាង​គួរឱ្យកត់សម្គាល់។

លោក​បន្តថា ដូច​យើងទាំងអស់គ្នា​ឃើញស្រាប់​ហើយ​ថា ការបោះឆ្នោត​នៅ​កម្ពុ​ជាមាន​បរិយាកាស​ល្អប្រសើរ​ជាងឆ្នាំមុនៗ ស្ថិរភាព​នយោបាយ​បានផ្តល់​នូវ​ទំនុកចិត្ត​ទៅដល់​ប្រជាពលរដ្ឋ និង​វិនិយោគិនផ្សេងៗសម្រាប់ធ្វើ​ការប្រកបរ​បរ​អាជីវកម្ម​របស់​ខ្លួន ហើយ​អ្នកវិនិយោគ​មួយចំនួន​ដែលមាន​តម្រូវការ​សាច់ប្រាក់ ពួកគាត់​បានសម្រេច​ពុះ​ដីឡូត៍​លក់​យ៉ាង​គគ្រឹកគគ្រេង​នៅតាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី3 នេះ ចំណែក​អតិថិជន​ក៏បាន​ឆ្លៀត​ចាប់យក​ឱកាស​នេះ​ទិញ​ដីឡូត៍​ទាំងនោះ​ទុក​លក់​យកប្រាក់​ចំណេញ​វិញ​នៅពេល​ខាងមុខ​ដែរ។

លោក​ថា ដី​នៅ​តំបន់​តំបន់​កប់​ស្រូវ បច្ចុប្បន្ន​ហាក់​មានតម្លៃ​ឡើង​ខ្ពស់​ខ្លាំង​រួចទៅហើយ ដោយ​ដី​នៅជាប់​ផ្លូវធំ​មានតម្លៃ​ចាប់ពី 200ដុល្លារ ទៅដល់ 250ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​ចុះ​ពី​ផ្លូវធំ​មានតម្លៃ 80 -150ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​នោះ បានធ្វើឱ្យ​អតិថិជន​ក៏ដូចជា​ឈ្មួញកណ្ដាល​នាំគ្នា​ងាក​មករក​ទិញ​នៅតាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង​ទី3នេះ​ត្រង់ចំណុច​ព្រែកកំពឹស ក្នុង​ខណ្ឌដង្កោ​វិញ​ម្តង ដោយសារ​ដី​នៅ​តំបន់​នោះ​មានតម្លៃ​ទាប​ជាង​ដី​នៅ​តំបន់​ទំនប់​កប់​ស្រូវ។ ដី​នៅលើ​ផ្លូវធំ​ក្នុងសង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោនេះ​មានតម្លៃ​ចន្លោះ​តែ​ពី 100ដុល្លារ ទៅ120ដុល្លារ​ប៉ុណ្ណោះ​នៅលើ​ផ្លូវធំ ហើយ​បើ​ដី​ចុះ​ពី​ផ្លូវធំ​ទៅវិញ​មានតម្លៃ​ត្រឹមតែ 50-80ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​អតិថិជន​ភាគច្រើន​ឆក់​ឱកាស​នេះទិញ​ដី​ទុក​លក់​យកប្រាក់​ចំណេញ​នៅពេល​ក្រោយ​យ៉ាង​កុះករ។ ចំណែក​អ្នកវិនិយោគ​មួយចំនួន​វិញ​បាន​ទិញ​ទុក​សម្រាប់​សាងសង់​រោងចក្រ​ឧស្សាហ-កម្ម និង​ឃ្លាំង​ស្តុក​ទំនិញ ហើយ​មួយចំនួនទៀត​កំពុង​រៀបចំ​ចាក់ដី​ដើម្បី​សាងសង់​ផ្ទះល្វែង​លក់ ដោយ​រំពឹងថា​ក្នុង​មួយ​ល្វែង​អាច​នឹងមានតម្លៃ​ប្រមាណ​ពី 50,000ដុល្លារ ទៅដល់ 60,000ដុល្លារ​ឯណោះ ខណៈដែល​បុរី​ពិភពថ្មី សង្កាត់​ព្រែកកំពឹស​ក៏​កំពុង​ដើរ​ប្រមូល​ទិញ​ដី​បន្ថែមទៀត​សម្រាប់​ពង្រីក​គម្រោង​អាជីវកម្ម​សាងសង់​ផ្ទះល្វែង​លក់​របស់ខ្លួន​ដែរ។

ដីឡូត៍ដែលត្រូវបានពុះលក់

ជាមួយគ្នានេះដែរ​លោក តាន់ ហុង​លី ភ្នាក់ងារ​ពុះ​ដីឡូត៍​លក់​នៅ​ជិត​រង្វង់​មូល​កួរស្រូវ សង្កាត់​ស្ពានថ្ម​ក្នុង​ខណ្ឌដង្កោ​បាន​ប្រាប់ឱ្យដឹង​ដែរ​ថា នៅ​មុនពេល​បោះឆ្នោត សកម្មភាព​ទិញ​ដី​របស់​អតិថិជន​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​បន្តិច​ដែល​ដីឡូត៍​របស់លោក​ក៏ត្រូវ​បាន​ទុកចោល​មួយរយៈ​ដែរ ប៉ុន្តែ​បន្ទាប់ពី​បោះឆ្នោត​រួច​ភ្លាម អតិថិជន​បាននាំគ្នា​ដើររក​ទិញ​ដី​ច្រើន​គួរឱ្យកត់សម្គាល់ និង​សឹងតែ​មិន​ជឿ ព្រោះថា​ដីឡូត៍​របស់លោក​ត្រូវបាន​អតិថិជន​មក​កក់​ប្រាក់​ទិញ​ទុកជា​រៀងរាល់ថ្ងៃ ធ្វើឱ្យ​ដីឡូត៍​ដែល​ធ្លាប់​តែមាន​សភាព​ស្ងប់ស្ងាត់​នោះ ប្រែ​ជាមាន​សកម្មភាព​ក​ក្រើ​ក​ឡើងវិញ ហើយ​ថែមទាំង​លក់​ជិត​អស់​ទៀតផង។ លោក​ថា អ្វីដែល​ធ្វើឱ្យ​អតិថិជន​ងាក​មករក​ទិញ​ដី​នៅក្នុង​សង្កាត់​ព្រែកកំពឹស​នេះ គឺ​ដោយសារតែ​ដី​របស់លោក​នៅមាន​តម្លៃ​ទាប​នៅឡើយ មួយ​ឡូត៍​ទំហំ5 គុណ20ម៉ែត្រ​មានតម្លៃ​ត្រឹមតែ6,000ដុល្លារ ទៅ7,000ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដីឡូត៍​មួយចំនួន​បាន​ឡើងថ្លៃ​ខ្លាំង​រហូត​មួយ​ឡូត៍​មានតម្លៃ​ចន្លោះ​ពី 8,000ដុល្លារ ទៅដល់10,000ដុល្លារ​អស់​ទៅហើយ។

លោក​ថា ដោយសារ​ការ​ពុះ​ដីឡូត៍​លក់​ហាក់​មាន​សកម្មភាព​ឡើងវិញ និង​មាន​អតិថិជន​មករក​ទិញ​ដី​ទុក​បន្ថែម​ច្រើន​ទៀត​នោះ លោក​ក៏បាន​រៀបចំ​ពុះ​ដីឡូត៍​មួយកន្លែង​ទៀត ដោយ​បម្រុង​លក់​ក្នុងតម្លៃ​ទាប​នៅ​ស្ថិត​តាមផ្លូវ​ក្រវាត់ក្រុង​ទី3ហ្នឹង​ដូចគ្នា​ដែរ តែ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ41 ដែល​ត​ភ្ជាប់​ពី​ភ្នំ​ប្រសិទ្ធិ៍​មក​ផ្សារ​ថ្នល់ទទឹង(ផ្លូវជាតិ​លេខ4) ដែលជា​ចំណុច​ត​ភ្ជាប់​រវាង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ។

ចំណែក​លោក គង់ ពៅ ម្ចាស់​គម្រោង​ផ្ទះល្វែង​ដែល​នៅ​ជិត​ភ្នំ​ប្រសិទ្ធិ៍​ដែរនោះ​បាន​មានប្រសាសន៍ថា បច្ចុប្បន្ន ទោះជា​កម្ពុជា​កំពុងដំណើរការ​រៀបចំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក៏ដោយ ប៉ុន្តែ​ទំនុកចិត្ត​វិនិយោគិន​បរទេស​ក៏​នៅតែមាន​សុទិដ្ឋិនិយម​សម្រាប់​ស្ថិរភាព​នយោបាយ​កម្ពុជា ឧទាហរណ៍ អ្នកវិនិយោគ​ជនជាតិ​ចិន​បានមក​សហការ​ជាមួយ​លោក​ទិញ​ដី​សាងសង់​ផ្ទះល្វែង​ដែលមាន​គុណភាព​ស្តង់ដារ​ដើម្បី​ដាក់លក់​ក្នុងតម្លៃ​ទាប​សមរម្យ សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម​អាចមាន​លទ្ធភាព​ទិញ​ផ្ទះ​រស់​នៅបាន​កាន់តែច្រើន​ឡើង ហើយក៏​នឹង​ផ្តល់ឱកាស​ឱ្យ​អាជីវករ​ដែល​ចង់​ទិញ​ផ្ទះ​ទុក​លក់​បន្ត អាច​លក់​ចេញ​ទៅវិញ​រកប្រាក់​ចំណេញ​បាន​ច្រើន​ដែរ៕

Advertisement