គម្រោង​​ព្រះ​ពុទ្ធប្បដិមា​​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា ទទួល​បាន​ការ​និមន្ត​មក​ទត​​ពី​ព្រះប្រធាន​កិត្តិយស​នៃ​​សម្ព័ន្ធ​ពុទ្ធសាសនិក​ពិភព​លោក​

ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists – WAB កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​និមន្តមកពីប្រទេសភូមា ដើម្បីទតការដ្ឋានសាងសង់សំណង់ ព្រះពុទ្ធប្បដិមា ដែល​ខ្ពស់​ជាង​គេ​បង្អស់​នៅ​កម្ពុជា​។

យោង​តាម​សមាគម​ឧកញ៉ា​កម្ពុជា អ្នកឧកញ៉ា សុខ គង់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមឧកញ៉ាកម្ពុជា រួម​នឹង​ឧកញ៉ា​ និង​បុគ្គល​ល្បី​ឈ្មោះ​មួយ​ចំនួន​ទៀត​ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចចំពោះការនិមន្តមកដល់របស់សម្តេចសង្ឃព្រះនាម Ven. Sayadaw Pandawontha (Aungzabu) Mahasadhamajotikadaja ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists – WAB និមន្តមកពីប្រទេសភូមា (មីយ៉ាន់ម៉ា) ដើម្បីទតការដ្ឋានសាងសង់សំណង់ ព្រះពុទ្ធប្បដិមាកម្ពស់ 108 ម៉ែត្រ នៅ​លើភ្នំបូកគោ។

គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ 108 ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» នេះ ជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា សុខ គង់។ ព្រះ​ពុទ្ធប្បដិមា​នេះ នឹង​ខ្ពស់ជាងគេនៅ​កម្ពុជាហើយក៏នឹងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ នេះ​បើ​តាម​ទំព័រ​ Preahputhpadima108monbokor​។

​ទំព័រ​ Preahputhpadima108monbokor ឱ្យ​ដឹង​ថា ព្រះ​ពុទ្ធប្បដិមា​នេះ​មានទម្រង់ជា ព្រះពុទ្ធមារវិជ័យ ឬ ផ្ចាញ់មារនៃរចនាប័ទ្មបាយ័ន ដែលជារចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី 7 នា​សតវត្សរ៍ទី 13​។

ព្រះពុទ្ធប្បដិមានេះ នឹងសាងសង់អំពីបេតុងអាម៉េ មានពណ៌មាស បែរព្រះភក្រ្តទៅទិសខាងកើត មានកម្ពស់108 ម៉ែត្រ ពីនីវ៉ូសូន្យនៃខឿនផ្ទាល់ដីដល់កំពូលព្រះមោលី ដែលតំណាងមង្គលទាំង 108 របស់ព្រះអង្គ ទ្រង់គង់ភ្នែននៅលើបល្ល័ងផ្កាឈូករាងរង្វង់(វដ្តសង្ខារ) ដែលទម្រង់ក្បាច់រចនាបល្ល័ងនេះ យកលំនាំតាមផ្នែកមួយរបស់សសរពេជ្រប្រាសាទដំរីក្រាបនៃរចនាប័ទ្មគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី 2 នាសតវត្សរ៍ទី 9។

ចំពោះខឿនជាន់ទី 1 មានក្តារបែន ឬ រានហាលនៅចំពីមុខ សម្រាប់ប្រារព្ធពិធីសាសនា ហើយមានព្រះពុទ្ធរូប 7 អង្គ ព្រះអសីតិសាវ័ក 5 អង្គ និងព្រះ 2 អង្គទៀត សរុបចំនួន 12 អង្គ (តំណាងឱ្យ​ខែឆ្នាំទាំង 12) គង់ក្នុងបុស្បុក តម្កល់ជុំវិញព្រះពុទ្ធប្បដិមាអង្គធំ និងមានជណ្តើរចំនួន 8 (តំណាង​ឱ្យ​ទិសទាំង 8 និងអរិយមគ្គទាំង 8) សម្រាប់ឡើងឆ្ពោះទៅកាន់ទីសក្ការៈនៃព្រះពុទ្ធប្បដិមា។

ជារួម គម្រោងសាងសង់ព្រះពុទ្ធប្បដិមាដែល​នឹង​ត្រូវចំណាយពេលវេលាសាងសង់ប្រមាណ 4 ឆ្នាំ​នេះ​ គឺ​ជា​ការរក្សានូវអត្តសញ្ញាណជាតិនៃវប្បធម៌សាសនា ដោយឈរលើមូលដ្ឋានរក្សាចាស់ បង្កើតថ្មី៕

Advertisement