ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សីហនុ ផ្ដល់​ឧបករណ៍ ETC-OBU ដើម្បី​ប្រើ​គន្លង ETC ដោយ​ឥតគិតថ្លៃ បំណង​ចូលរួម​ទប់ស្កាត់​ការកកស្ទះ​ចរាចរណ៍​នៅ​បញ្ជរ​បង់ប្រាក់

«ទទួលយក​ឧបករណ៍ ETC-OBU ដោយ​ឥតគិតថ្លៃ ដើម្បី​ប្រើប្រាស់​គន្លង ETC សម្រាប់​ចេញចូល​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ (ចាប់ពី​ថ្ងៃទី 28 វិច្ឆិកា ឆ្នាំ 2022 ដល់ 01 មករា 2023)» ប្រកាស​របស់​ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី 30 វិច្ឆិកា 2022។

ដើម្បី​ចូលរួម​ទប់ស្កាត់​ការកកស្ទះ​ចរាចរណ៍​នៅ​បញ្ជរ​បង់ប្រាក់ ក៏ដូចជា​ផ្តល់​ភាពងាយស្រួល ជូន​ដល់​បងប្អូន​អ្នកបើកបរ នៅលើ​ផ្លូវ​ល្បឿន​លឿន ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ បានរៀបចំ​ជាការ​ផ្តល់ជូន​ពិសេស នូវ​ការបំពាក់​ឧបករណ៍ ETC-OBU ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី 28 ខែវិច្ឆិកា 2022 រហូតដល់​ថ្ងៃទី 01 មករា 2023 ខាងមុខនេះ នៅ​គ្រប់​បញ្ជរ​បង់ប្រាក់​ទាំង 8 ទីតាំង នៃ​ផ្លូវ​ល្បឿន​លឿន។

ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ បាន​ឱ្យដឹងថា «ដើម្បី​ទទួលបាន​ឧបករណ៍ ETC-OBU សូម​បងប្អូន​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណ​បណ្ណ​ម្ចាស់​យានយន្ត បណ្ណ​សំគាល់​យានយន្ត ឬ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​បច្ចេក​ទេស​យានយន្ត (ឆៀក)»។

ចំពោះ​គន្លង​នេះ បងប្អូន​អាច​បញ្ចូល​សមតុល្យ​ទៅក្នុង​ផ្លាកលេខ​សម្គាល់​យានយន្ត​ជាមុន តាម​កម្មវិធី​ធនាគារ​ក្នុង​ទូរស័ព្ទដៃ (Mobile Banking) នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ដៃគូ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​ដៃគូ ចំនួន 7 ដែល​បានដាក់​ឱ្យប្រើ​ប្រាស់ នូវ​កម្មវិធី Mobile Banking ដើម្បី​បញ្ចូល​សមតុល្យ​ទឹកប្រាក់ តាមរយៈ​ផ្លាកលេខ​សម្គាល់​យានយន្ត ក្នុងនោះ​រួមមាន៖ ធនាគារ ជីបម៉ុង (Chip Mong Bank),  ធនាគារ អេស៊ីលីដា (ACLEDA Bank), ធនាគារ វឌ្ឍនៈ​អាស៊ី​ចំកាត់ (ABA Bank), ធនាគារ​វី​ង(Wing Bank), ធនាគារ វឌ្ឍនៈ (VATTANAC Bank), ធនាគារ​កាណាឌីយ៉ា (Canadia Bank) និង លី​ហួរ​វេរ​លុយ។

សូម​ចូលទៅ​កាន់​គេហទំព័រ​ដែល​អាច​ប្រើប្រាស់​ធនាគារ​ទូទាត់​ក​ម្រៃ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ-ក្រុងព្រះសីហនុ​ បាន​តាម https://ew.mpwt.gov.kh

បន្ថែម​ពីលើ​ជម្រើស​ការប្រើប្រាស់​គន្លង​ផ្លូវ ETC  បងប្អូន​ក៏​អាច​ជ្រើស​យក​ការចេញចូល​តាម​គន្លង ANPR ផងដែរ ដែល​តម្រូវអោយ​បញ្ចូល​សមតុល្យ​ជាមុន​ទៅក្នុង​ផ្លាកលេខ​ដូចគ្នា។

*ទំនាក់ទំនង៖ ⁃ ព័ត៌មាន​ពី​សេវាកម្ម៖ 1399, ព័ត៌មាន​ទូទៅ៖ 1275

Advertisement