រោងចក្រ​ស្រូបយក​កាបូនឌីអុកស៊ីត (CO2) ដោយផ្ទាល់​ធំជាងគេ​ក្នុង​ពិភពលោក

ទម្រង់​នៃ​រោងចក្រស្រូបយកកាបូនឌីអុកស៊ីត (CO2) ដោយផ្ទាល់ទីពីរ​​របស់ក្រុមហ៊ុន Climeworks

ក្រុមហ៊ុន Climeworks ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃទី ២៩ មិថុនា ២០២២​ បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រមូល​កាបូនឌីអុកស៊ីត​ដោយផ្ទាល់ (DAC) ទី​ពីរ​របស់ខ្លួន នៅ ប្រទេស អ៊ី​ស្លង់។

រោងចក្រ​ឧស្សាហកម្ម​ប្រមូល CO2 ដោយផ្ទាល់​ទី​ពីរ​របស់ Climeworks នេះ​មាន​ឈ្មោះថា Mammoth។ វា​ក៏មាន​ហេ​ដ្ឋា​រចនាសម្ព័ន​ដូច​ទៅនឹង​រោងចក្រ​ដំបូង Orca របស់​ពួកគេ ប៉ុន្តែ​មាន​កម្លាំង​ស្រូបយក CO2 បាន​ចំនួន៣៦,០០០ តោន​ជា​រៀងរាល់ឆ្នាំ។ តាម​គម្រោង ការសាងសង់​រោងចក្រ​នេះ​នឹងត្រូវ​ចំណាយពេល​ពី ១៨ ដល់ ២៤ ខែ។ ដូច​ទៅនឹង Orca ថាមពល​កកើត​ឡើងវិញ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដំណើរការ​ប្រព័ន្ធ​ស្រូបយក និង​រក្សាទុក CO2។

Climeworks គ្រប់គ្រង​បច្ចេកវិទ្យា​ស្រូបយក CO2 ដោយផ្ទាល់​ពី​បរិយាកាស​ដ៏​ទំនើប និង​បាន​ដំណើរការ​រោងចក្រ​អគ្គិសនី​មិន​បំ​ភាយ​ឧស្ម័ន​ពុល​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​កាលពី​ឆ្នាំ ២០១៧ ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​រក្សាទុក CO2 ឈ្មោះ CarbFix។ កាលពី​ឆ្នាំ ២០១៦ CarbFix បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​បំប្លែង CO2 ទៅជា​រ៉ែ ដោយ​ប្រើពេល​មិន​ដល់ ២ ឆ្នាំ មិនមែន​រាប់រយ ឬ​រាប់ពាន់​ឆ្នាំ​ដូច​ធម្មតា​របស់​ធម្មជាតិ​នោះឡើយ។

Orca គឺជារោងចក្រស្រូបយកកាបូនឌីអុកស៊ីត (CO2) ដោយផ្ទាល់ដំបូង របស់ក្រុមហ៊ុន Climeworks

រោងចក្រ​អគ្គិសនី​សាកល្បង​នោះ អាច​ស្រូបយក CO2 ចំនួន ១២.៥ តោន ដោយ​សុវត្ថិភាព ដោយ​ប្រើពេល​​ត្រឹម​តែ ៣ ខែ​ប៉ុណ្ណោះ ដែល​នេះ​បាន​បើកផ្លូវ​ឱ្យ Orca ដែលជា​រោងចក្រ​ប្រមូល CO2 ដោយផ្ទាល់​ដំបូង​របស់ Climeworks ចាប់ផ្ដើម​ដំណើរការ​នៅ អ៊ី​ស្លង់ កាលពី​ឆ្នាំ​កន្លង។ Orca ដែល​អាច​ស្រូបយក CO2 បាន ៤,០០០ តោន/ឆ្នាំ មាន​រូបរាង​ដូច​ទៅ​បន្ទប់​ម៉ូឌុល ដែល​អាច​ផ្ទុក​តម្រួត​លើ​គ្នា​បាន។

បច្ចុប្បន្ន មនុស្សលោក​កំពុងតែ​បំ​ភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ជាង ៣០ ពាន់​លាន​តោន​ទៅក្នុង​បរិយាកាស​ជា​រៀងរាល់ឆ្នាំ ដូច្នេះ ក្រុមហ៊ុន Climeworks ត្រូវការ​រោងចក្រ​ដូច Mammoth និង Orca ជាច្រើន​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​បំពុលបរិស្ថាន​នេះ៕

Advertisement