ការអនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ 48 ប្រវែង 148 គីឡូម៉ែត្រ សម្រេចបាន​ជិត 12%

«គម្រោង​សាងសង់​ផ្លូវជាតិ​លេខ 48 សម្រេច​វឌ្ឍនភាព​ការងារ​បាន 11.76% ហើយ» នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះផ្សាយ​កាលពី​ថ្ងៃទី 21 វិច្ឆិកា 2022 បន្ទាប់ពី ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សាធារណការ របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទទួលបន្ទុក​ជានា​យក​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ 48 បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ 48។

ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​តាមដាន​ពី​ស្ថានភាព​វិវឌ្ឍន​ជាក់ស្ដែង​ក្នុង​ការដ្ឋាន​សង់​សង់​ផ្លូវជាតិ​លេខ 48 ដែល​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​កូរ៉េ IL SUNG & HANIL Joint Venture និង​ដើម្បី​អាចឱ្យ​ក្រុមការងារ​អនុវត្ត​គម្រោង​រៀបចំ​ផែនការ​សកម្មភាព​បន្ទាប់ សំដៅ​ព​ន្លឿ​ន​ការសាងសង់​ឱ្យ​សម្រេច​បញ្ចប់​តាម​ផែនការ​ដែល​បានកំណត់។

យោងតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គិត​ត្រឹម​ពាក់កណ្តាល​ខែវិច្ឆិកា 2022 គម្រោង​សាងសង់​ផ្លូវជាតិ​លេខ 48 ដែល​ចាប់ផ្ដើម​ពី​ចំណុច​ភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល រហូតដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ខាងលើនេះ សម្រេច​វឌ្ឍនភាព​ការងារ​បាន 11.76%៕

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ 48 ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែមិថុនា ឆ្នាំ 2024 ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង 65 លាន​ដុល្លារ​អាមេរិក។ ផ្លូវ​នេះ​បែង​ចែកជា 2 គន្លង ប្រវែង ជាង 122 គីឡូម៉ែត្រ និង​ផ្លូវ 4 គន្លង​មាន​ប្រវែង​ជាង 25 គីឡូម៉ែត្រ៕

 

Advertisement