ប្រទេស​ចិន សាងសង់​ផ្លូវដែក​ល្បឿន​លឿន​ប្រវែង 76 គីឡូម៉ែត្រ​ឆ្លងកាត់​សមុទ្រ

គម្រោងសាងសង់ផ្លូវដែក Yong-Zhou ត្រូវបានសម្ពោធបើកការដ្ឋាននៅ Zhoushan ក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន កាលពីថ្ងៃទី 03 វិច្ឆិកា 2022

ផ្លូវដែក​ល្បឿន​លឿន​ថ្មី​ដែល​នឹងមាន​ស្ពាន​ទំហំ​ធំ និង​មធ្យម​ចំនួន 36 កន្លែង, រូង​ក្រោម​ដី 17 កន្លែង និង​អាច​បើកបរ​ក្នុង​ល្បឿន 250 គីឡូម៉ែត្រ/ម៉ោង ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី 03 វិច្ឆិកា 2022។

ផ្លូវដែក​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ Yong-Zhou នឹង​ត​ភ្ជាប់​បណ្ដា​ទីក្រុង Ningbo និង Zhoushan នៅក្នុង​ខេត្ត Zhejiang នេះ​បើតាម​ក្រុមហ៊ុន​សិក្សា និង​ស្ថាបត្យកម្ម​ផ្លូវដែក​ចិន Siyuan។

នៅតាម​បណ្ដោយ​ផ្លូវដែក​ប្រវែង​ជាង 76 គីឡូម៉ែត្រ​នេះ នឹងមាន​ស្ពាន​ធំ និង​មធ្យម​ចំនួន 36 ស្ពាន រួម​នឹង​រូង​ក្រោម​ដី​ចំនួន 17 កន្លែង។ បណ្ដា​ស្ពាន និង​រូង​ក្រោម​ដី​នឹងមាន​ចំណែក​រហូតដល់​ជាង 90% នៃ​ប្រវែង​សរុប​របស់​ផ្លូវដែក។ ផ្លូវដែក​ល្បឿន 250 គីឡូម៉ែត្រ/ម៉ោង និង​មាន​ស្ថានីយ​ចំនួន 7 នេះ នឹង​ត្រូវបាន​សាងសង់​ឆ្លងកាត់​ផ្លូវទឹក​ចំនួន 4 រួម​មាននៅ​តំបន់ Jintang, Xihoumen, Taoyaomen និង Fuchimen។

តាម​គម្រោង ផ្លូវដែក​នេះ​នឹងមាន​រូង​ក្រោម​សមុទ្រ​ប្រវែង​ជាង 16 គីឡូម៉ែត្រ​នៅត្រង់​កំណាត់​ផ្លូវ​ក្រោម​ទឹក Jintang។ នៅឯ​កំណត់​ផ្លូវ​ក្រោម​ទឹក​នៅ Xihoumen ក្រុមហ៊ុន​នឹង​សាងសង់​ស្ពាន​ថ្មើរជើង-ផ្លូវដែក​ប្រវែង​ជាង 1.5 គីឡូម៉ែត្រ។ ហេដ្ឋារចនាសម្ព័ន្ធ​នៃ​គម្រោង​ទាំងមូល​គ្រោង​នឹង​ស្ថាបនា​រួចរាល់​ក្នុង​រយៈពេល 6 ឆ្នាំ​ទៀត។

នៅពេល​សាងសង់​រួចរាល់ ផ្លូវដែក​ល្បឿន​លឿន​នេះ​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​រវាង Ningbo និង Zhoushan ចុះមក​នៅត្រឹម 30 នាទី ដែល​ប្រហាក់ប្រហែល​នឹង 1/3 នៃ​ពេលវេលា​ធ្វើដំណើរ​នាបច្ចុប្បន្ន។ ចំណែក​ការធ្វើដំណើរ 4.5 ម៉ោង​តាម​ឡានក្រុង ឬ 2.5 ម៉ោង​តាម​ឡាន​ផ្ទាល់ខ្លួន រវាង​ក្រុង​រដ្ឋបាល Hangzhou របស់​ខេត្ត Zhejiang និង​ក្រុង Zhoushan ក៏ត្រូវ​ចុះមក​នៅត្រឹម 80 នាទី។

យោងតាម CGTN ផ្លូវដែក Yong-Zhou ដែល​ស្ថិតក្នុង​ផែនការ​សាងសង់ «រង្វង់​ចរាចរណ៍​ផ្លូវដែក​ល្បឿន​លឿន​មួយ​ម៉ោង» នៅក្នុង​ខេត្ត Zhejiang នេះ​ក៏​នឹង​ជួយ​ព​ន្លឿ​ន​ដំណើរ​ការបញ្ចូល Zhoushan និង Ningbo ទៅក្នុង​ខ្សែក្រវាត់​សេដ្ឋកិច្ច​ទន្លេ Yangtze របស់ ប្រទេស​ចិន ផងដែរ៕

Advertisement