ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅ​កោះនរា សម្រេចការ​សាងសង់​បាន 70%

ស្ពាន​កោះនរា ដែលមាន​តម្លៃ 37 លាន​ដុល្លារ​អាម៉េរិក បច្ចុប្បន្ន​សម្រេចការ​សាងសង់​បាន 70% ហើយ​គ្រោង​នឹង​សាងសង់​រួចរាល់​នៅ​ចុងខែ​វិច្ឆិកា 2023។

ស្ពាន​កោះនរា ដែល​ត​ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅកាន់​កោះនរា ស្ថិត​ក្នុងភូមិ​កោះនរា សង្កាត់​និរោធ ខណៈ​ច្បារអំពៅ រាជធានី​ភ្នំពេញ សម្រេចការ​សាងសង់​បាន 70% ហើយ នេះ​បើ​យោងតាម លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។

ស្ពានបេតុង​ខ្សែកាប់​ដែលមាន​ប្រវែង 824 ម៉ែត្រ និង​ទទឹង 24.50 ម៉ែត្រ​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​តី 26 តុលា 2020។ ស្ពាន​នេះ​នឹងមាន​តួនាទី​យ៉ាងសំខាន់​សម្រាប់​ការធ្វើដំណើរ​រវាង​តំបន់​កោះនរា និង​តំបន់​កោះ​ពេជ្រ ដោយ​វា​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​តំបន់​ផ្សារ​ច្បារអំពៅ​បាន​មួយកម្រិត។

Advertisement