ស្ថានីយ​​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​មួយ​កន្លែង​ ចំណាយ​ពេល​​បញ្ចូល​ ៨ នាទី រត់​បាន​ ២០០ គីឡូម៉ែត្រ

ស្ថានីយបញ្ចូលថាមពលសម្រាប់រថយន្តអគ្គិសនីរបស់ Nebula

(ប្រទេស​ចិន)-ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនីរបស់​ក្រុមហ៊ុន Nebula ​​អាច​ជួយ​ឱ្យ​រថយន្ត​រត់​បាន​ជាង ២០០ គីឡូម៉ែត្រ បន្ទាប់​ពី​បញ្ចូល​ថាមពល​រយៈ​ពេលតែ​ ៨ នាទី​។

ស្ថានីយ​បញ្ចូល​ថាមពល​មហា​លឿន​សម្រាប់​រថយន្ត​អគ្គិសនី​​មួយ​កន្លែង​ដែល​អាច​បម្រើ​សេវា​កម្ម​ដល់​រថយន្ត​អគ្គិសនី ២០ គ្រឿង​ក្នុង​ពេល​តែ​មួយ ​និង​អាច​ជួយ​ឱ្យ​រថយន្ត​រត់​បាន​ជាង ២០០ គីឡូម៉ែត្រ បន្ទាប់​ពី​បញ្ចូល​ថាមពល​រយៈ​ពេល ៨ នាទី​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ចាប់​ពី​សប្ដាហ៍​នេះ​ នៅ​ក្នុង​ទីក្រុង Ningde ខេត្ត Fujian ប្រទេស​ចិន​។

នេះ​គឺជា​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ឆ្លាត​វៃ​ដំបូង​គេ​នៅ ប្រទេស​ចិន​ ដែល​បំពាក់​ប្រព័ន្ធ​បញ្ចូល​ថាមពល​មាន​បណ្ដាញ​រក្សា​ទុក​​ថាមពល​ និង​ត្រូវ​បាន​ដំណើរ​ការ​ដោយ​បណ្ដាញ​អគ្គិសនី​ចរន្តជាប់ (DC)។

ដោយ​មាន​ទំហំ​ ២,១០០ ម៉ែត្រ​ក្រឡា ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​នេះ​ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​ផ្ទុក​ថាមពល​អគ្គិសនី​​ខ្នាត​ megawatt។ វា​ប្រើប្រាស់​ផ្ទាំង​សូឡារ​នៅ​លើ​ដំបូល​សម្រាប់​​ផលិត​អគ្គិសនី​​ដើម្បី​​រក្សាទុក​ថាមពល​​ និង​បញ្ចូល​ទៅ​ឱ្យ​យាន​យន្ត​អគ្គិសនី​

ក្រៅ​ពី​ការ​បញ្ចូល​ថាមពល​ ស្ថានីយ​នេះ​ក៏​មាន​សេវាកម្ម​ត្រួត​ពិនិត្យ​សុខភាព​ថ្មផ្ទុក​អគ្គិសនី និង​ផ្ញើ​ទិន្នន័យ​ឱ្យ​អតិថិជន​។

ក្រុម​ហ៊ុន​អភិវឌ្ឍ Nebula មាន​គម្រោង​សាងសង់​ស្ថានីយ​បែប​នេះ​ចំនួន ១២ កន្លែង​ នៅ​មុន​ចុង​ឆ្នាំ​ក្រោយ​ និង​ ៥០ កន្លែង​នៅ​ក្នុង​ទីក្រុង Ningde ក្នុង​រង្វង់​ ៥ ឆ្នាំ​ខាងមុខ​៕

Advertisement