ក្រុមហ៊ុន​ឡាវ អភិវឌ្ឍ​គម្រោងផលិត​​អគ្គិសនី​ពី​ថាមពល​​ព្រះអាទិត្យ តម្លៃ​ជាង ៦៩ លាន​ដុល្លារ​អាម៉េរិក

ក្រុមហ៊ុន​ទទួលខុស​ត្រូវមាន​កម្រិត Solar Attapeu Power Sole (SAPC) ទើបតែ​បាន​សម្ពោធ​បើក​ការដ្ឋាន​អនុវត្ត​គម្រោង​ថាមពល​អគ្គិសនី​ព្រះអាទិត្យ Attapeu (SAPP) តម្លៃ ៦៩.២ លាន​ដុល្លារ​នៅ​ស្រុក Xaysettha ក្នុង​ខេត្ត Attampeu ប្រទេស​ឡាវ។

លោក Sisavath Souvannavong ប្រធាន​ក្រុមហ៊ុន SAPC ឡាវ បានឱ្យដឹងថា គម្រោង​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ Attapeu នេះ គ្រោង​នឹង​ត្រូវបាន​ស្ថាបនា​រួចរាល់​នៅ​ចុងឆ្នាំ ២០២៣ ហើយ​​នឹង​មាន​​កម្លាំង​ដំឡើង ៦៤MWdc/៥០MWac។ គម្រោង​នេះ​ត្រូវបាន​ក្រុមហ៊ុន និង​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​ស្រាវជ្រាវ​តាំងពី​ឆ្នាំ ២០១៤។

គម្រោង​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ Attapeu ​​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ថាមពល​ រួមចំណែក​ក្នុងការ​ធានា​សន្តិសុខ​ថាមពល បង្កើត​ការងារ​នៅក្នុង​តំបន់ និង​ផ្ដល់​អគ្គិសនី ១២៨GWh ជា​រៀងរាល់ឆ្នាំ សម្រាប់​ប្រទេស​ និង ​ប្រជាជន​ឡាវ។

រដ្ឋាភិបាល​ឡាវ កំពុងតែ​អនុវត្ត​គោលនយោបាយ​អនុគ្រោះ ដើម្បី​លើកទឹកចិត្ត​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ក្នុង​វិស័យ​ផលិត​ថាមពល​ស្អាត មាន​ដូចជា អគ្គិសនី​ផលិត​ពី​ថាមពលព្រះអាទិត្យ អគ្គិសនីផលិតពី​ថាមពល​​​ខ្យល់ និង​ថាមពលជីវម៉ាស​ជាដើម៕

Advertisement