ចំការ​ផលិត​អគ្គិសនី​ដើរ​ដោយ​​កម្លាំង​ខ្យល់​លើ​សមុទ្រ​ធំ​បំផុត​នៅ ប្រទេស​ចិន ចាប់ផ្ដើម​ដំណើរការ

ប្រទេស​ចិន កាលពី​ថ្ងៃទី ២៤ ធ្នូ ២០២១ បាន​ដាក់ឱ្យ​ដំណើរការ​ចំការ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​លើ​ផ្ទៃសមុទ្រ ដែល​ផ្ដល់​ថាមពល​អគ្គិសនី​ជាង ១ លាន​គីឡូវ៉ាត់ ដំបូង​គេ​បង្អស់​របស់​ប្រទេស​នេះ។

ចំការ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​លើ​សមុទ្រ​ធំ​បំផុត​នៅ ប្រទេស​ចិន បានចាប់ផ្ដើម​ផលិត​អគ្គិសនី និង​ត​ភ្ជាប់​បណ្ដាញ​កាលពី​ថ្ងៃទី ២៤ ធ្នូ ដែល​នេះ​គឺជា​ជំហាន​ថ្មី​មួយ​នៅក្នុង​ការប្ដេជ្ញា​អភិវឌ្ឍ​ថាមពល​ស្អាត​របស់ ប្រទេស​ចិន។

ស្ថិតនៅលើ​ផ្ទៃសមុទ្រ​របស់​ទីក្រុង Yangjiang នៃ​ខេត្ត ក្វាង​ទុង ភាគខាងត្បូង ប្រទេស​ចិន ចំការ​អគ្គិសនី Yangjiang Shapa ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន China Three Gorges Corporation ដោយ​ប្រើប្រាស់​ទុន​សរុប ៥.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ គម្រោង​នេះ​រួមមាន ទួ​រ​ប៊ី​ន​ខ្យល់​ចំនួន ២៦៩ គ្រឿង ដែល​អាច​ផ្ដល់​អគ្គិសនី ១.៧ លាន​គីឡូវ៉ាត់។

ប្រធាន​ក្រុមហ៊ុន China Three Gorges Corporation លោក Lei Mingshan បានឱ្យដឹងថា ការសាងសង់​គម្រោង​នេះ​នឹង​នាំមក​នូវ​បទពិសោធន៍​ដ៏​មានតម្លៃ ទាក់ទង​នឹង​ការអភិវឌ្ឍ​ចំការ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅលើ​ផ្ទៃសមុទ្រ​ក្នុង​ទ្រង់ទ្រាយ​ធំ និង​ប្រមូលផ្ដុំ​នៅ ប្រទេស​ចិន ក៏ដូចជា​នៅក្នុង​តំបន់​ទឹក​ជ្រៅ។

ក្រោយពី​បាន​ឈានដល់​ដំណាក់កាល​ដំណើរការ​ទាំងស្រុង ចំការ​ផលិត​អគ្គិសនី Yangjiang Shapa នឹង​ផ្គត់ផ្គង់​អគ្គិសនី​បៃតង​ចំនួន ៤.៧ ពាន់​លាន​គីឡូវ៉ាត់/ម៉ោង ជា​រៀងរាល់ឆ្នាំ ប្រហាក់ប្រហែល​នឹង​ការដុត​ធ្យូងថ្ម​ចំនួន​ប្រហែល ១.៥ លាន​តោន នៅក្នុង​វិស័យ​ផលិត​អគ្គិសនី​ដោយ​ប្រើប្រាស់​ធ្យូងថ្ម។ ប្រការនេះ​នឹង​ជួយ​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត ប្រមាណ ៤ លាន​តោន/ឆ្នាំ។

គម្រោង​នេះ​នឹង​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​របស់​គ្រួសារ​ដែលជា​អតិថិជន​ចំនួន ២ លាន​គ្រួ ហើយ​រួមចំណែក​ក្នុងការ​ផ្លាស់ប្ដូរ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នៅ​តំបន់​ឈូង​សមុទ្រ ក្វាង​ទុង-ហុងកុង-ម៉ា​កាវ៕

Advertisement