​ទួរប៊ីន​ខ្យល់​ដែល​មាន​កម្លាំងផលិត​អគ្គិសនី​ខ្ពស់​​​បំផុត​នៅ​ប្រទេស​ចិន

ក្រុមហ៊ុន Huadian new Energy របស់ ចិន ជិត​ដំឡើង​រួច​រាល់​នូវ​ទួរប៊ីនខ្យល់​កម្លាំង ៦.៧ megawatt ដំបូងរបស់​ប្រទេស​នេះ​ ​នៅ​ក្នុង​តំបន់​ស្វយ័ត Xinjiang។

យោង​តាម Huadian New Energy រចនាសម្ព័ន្ធ​សំខាន់​របស់​ទួរប៊ីនខ្យល់​នេះដែល​​រួម​មាន​ សសរទ្រ និង​ស្លាប​កង្ហារ​ខ្នាតយក្ស​ ត្រូវ​បាន​ខ្ទូច​ដាក់​ដំឡើង​​កាលពីថ្ងៃទី ០៦ តុលា និង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំឡើង​ចរន្ត​អគ្គិសនី​។

ទួរប៊ីន​ខ្យល់​នេះ​ មាន​កម្ពស់​រហូត​ដល់ ១១០ ម៉ែត្រ (ស្មើ​នឹង​អគារ​កម្ពស់​ ៣០ ជាន់) គិត​ត្រឹម​ចំណុច​កណ្ដាល​របស់​ស្លាប​កង្ហារ​, ​ស្លាប​កង្ហារនីមួយ​ៗ​មាន​ប្រវែង ៩៣ ម៉ែត្រ ខណៈ​ដែល​ស្នូល​កណ្ដាល​របស់​ទួរប៊ីនមាន​ទម្ងន់​ ១៣៤ តោន​។ នេះ​គឺជា​ទួរប៊ីនខ្យល់​ដែល​មាន​ទំហំ​ធំជាង​គេ​បំផុត​នៅតំបន់ Xinjiang។ វា​ក៏​ជា​ទួរប៊ីនទោល​​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​របស់​ ប្រទេស​ចិន នាបច្ចុប្បន្ន​។

ទួរប៊ីន​ ៦.៧ megawatt នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ផលិត​អគ្គិសនី​ដោយ​ថាមពល​ខ្យល់ Mulei Forty Wells ដែល​មានកម្លាំង​ ៨០០ megawatt និងប្រព័ន្ធ​ទួរប៊ីន​ ១២៥ ឈុត​។ នេះ​គឺជា​ប្រភេទ​ទួរប៊ីន​​ដែល​សមស្រប​នឹង​បរិស្ថាន​ អាច​ដំណើរ​ការ​ប្រកបដោយ​ស្ថិរភាព​ក្នុង​បណ្ដា​ស្ថានីយផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​នៅ​លើ​ដីគោក ដែល​មាន​កម្លាំង​ខ្យល់​ខ្លាំង និង​មធ្យម​។

ទុន​វិនិយោគ​សរុប​របស់​គម្រោង​នេះ​គឺ ៤.១៨ ពាន់​លាន​យុន (៥៨៧ លាន​ដុល្លារ​អាម៉េរិក)​។ ក្រោយ​ពី​សាងសង់​រួច​រាល់ ស្ថានីយ​នេះ​នឹង​ផលិត​អគ្គិសនី​ប្រចាំ​ឆ្នាំ​បាន​ ២.២​ ពាន់​លាន​ kWh ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធ្យូងថ្ម​បាន ៦៧០,០០០ តោន​ និង​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ ​បាន​ ១.៧៦ លាន​តោន​» Song Yanfeng អនុប្រធាន​នៃ​គម្រោង​ Mulei Forty Wells ឱ្យ​ដឹង​ដូច្នេះ។

ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ ដោយ​យោង​ទៅ​លើ​ប្រភព​ថាមពល​ខ្យល់​ដ៏ច្រើន​​ តំបន់​ស្វយ័ត​ Xinjiang បាន​ និង​កំពុង​ផលិត​អគ្គិសនី​ស្អាត​ និង​ផ្គត់ផ្គង់​ដល់​បណ្ដា​តំបន់​នៅ​ភាគកណ្ដាល និង​ភាគ​ខាង​កើតរបស់ ​ប្រទេស​ចិន​។ ស្រុក Mulei បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ខ្យល់​ចំនួន ៤១​ ស្ថាប័ន​ ដោយ​មាន​ទំហំ​នៃ​ការ​ផលិត​អគ្គិសនី​ឡើង​ដល់ ៤.៥៩​ ពាន់​លាន​ kWh ចាប់​ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​នេះ​៕

Advertisement