ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះអាទិត្យ​មាន​រូបរាង​ដូច​សេះ​នៅលើ​សមុទ្រ​ខ្សាច់

ក្រៅពី​ការផ្ដល់​អគ្គិសនី ស្ថានីយ Tiancihu ទំហំ ១.៤ លាន​ម៉ែត្រក្រឡា នៅលើ​សមុទ្រ​ខ្សាច់ Kubuqi ក៏​ថែមទាំង​បង្កើត​ការងារ និង​ជួយ​លើកស្ទួយ​ប្រព័ន្ធ​អេកូ​ផងដែរ។

រូបរាង​សត្វ​សេះ​ដែល​កំពុង​ផាយ​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ផ្ទាំង​សូ​ឡារ​ជាង ១៩៦,០០០ ផ្ទាំង ដែល​តម្រៀប​លើ​សមុទ្រ​ខ្សាច់​មួយ​នៅ​តំបន់​ម៉ុង​ហ្គោ​លី​ខាងក្នុង (Inner Mongolia) នៅ ប្រទេស​ចិន។ នេះ​គឺជា​ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះអាទិត្យ Tiancihu ដែលមាន​ទំហំ​ប្រហែល ១.៤ លាន​ម៉ែត្រក្រឡា។

ស្ថិតនៅលើ​សមុទ្រ​ស​ខ្សាច់ Kubuqi ដែលជា​សមុទ្រ​ខ្សាច់​ធំជាងគេ​លំដាប់​ទី ៧ របស់ ប្រទេស​ចិន ស្ថានីយ Tiancihu មិន​ត្រឹម​តែមាន​តួនាទី​ផ្ដល់​អគ្គិសនី​នោះទេ តែ​ក៏​ចូលរួមចំណែក​ក្នុងការ​ការពារ​បរិស្ថាន​ផងដែរ។

យើង​អាច​មើលឃើញ​របង​ទប់​លំហូរ​ខ្សាច់ ដែល​ត្រូវបាន​បង្កើតឡើង​ពី​មែក​រុក្ខជាតិ។ មែកឈើ​ទាំងនេះ​ត្រូវបាន​ដោត​ទៅក្នុង​ដី ដើម្បី​ជួយ​ទប់​ខ្សាច់​មិនឱ្យ​ផ្លាស់​ទី។ នេះ​ត្រូវបាន​គេ​ហៅថា ការស្ដារ​ជីវសាស្ត្រ នៅ​ខាងក្រោម​ផ្ទាំង​សូ​ឡារ។

ទំហំ​ខ្សាច់​ដែល​ត្រូវបាន​គ្រប់គ្រង បាន​ឡើងដល់​ជាង ៨,០០០ mu (៥៣៣ ហិកតា)។ ដោយ​ការដាំ​រុក្ខជាតិ amorpha និង​ដើម​ពុទ្រា​ចិន​ជាដើម ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះអាទិត្យ Tiancihu បានបង្ហាញ​សញ្ញា​នៃ​ការ​ងើបឡើង​យ៉ាងច្បាស់​របស់​ជីវសាស្ត្រ។

ទ​ន្ទឺ​ម​នឹង​នេះ ស្ថានីយ​នេះ​ក៏​បង្កើត​ការងារ​ជូន​ប្រជាជន និង​លើកកម្ពស់​ប្រាក់ចំណូល​របស់​ពួកគេ​ផងដែរ។

«ខ្ញុំ​ជា​ពលករ​ថែទាំ​ស្ថានីយ Tiancihu ទទួលបាន​ប្រាក់ខែ ៨៦៥ ដុល្លារ/ខែ។ ក្រៅពី​ការដាំ​ដំណាំ និង​ចិញ្ចឹមសត្វ ប្រជាជន​ក្នុងភូមិ​អាចមក​កាន់​ស្ថានីយ​នេះ ដើម្បី​រៀបចំ សម្អាត​ខ្សាច់ និង​ស្មៅ​ព្រៃ» Zhao Jinlong ដែលជា​ប្រជាជន​នៅក្បែរ​ស្ថានីយ និយាយ​ដូច្នេះ។

លោក Zhao បន្តថា «ស្ថានីយ​អគ្គិសនី​ព្រះអាទិត្យ​នេះ មិន​ត្រឹមតែ​បង្កើត​ការងារ​ឱ្យ​យើង​នោះទេ តែ​ក៏បាន​កែលំអ​បរិស្ថាន​ជីវសាស្ត្រ​គួរឱ្យកត់សម្គាល់​ទៀតផង។ ទីនេះ ធ្លាប់ជា​តំបន់​ខ្សាច់​ដ៏​ធំធេង ប៉ុន្តែ​បច្ចុប្បន្ន បាន​ក្លាយជា​តំបន់​បៃតង​ទៅហើយ»៕

Advertisement